គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កោះធំ​ឆក់​យក​អាយុជីវិត​មនុស្ស​៣​នាក់​

​ខេត្ត​កណ្តាល​៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ​ ​បាន​ស​៣​នាក់​ជា​កម្មករសំណង់​កាលពី​វេលា​ម៉ោង​១៨ ​និង​១០​នាទី ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤ ​ត្រង់​ចំណុច​ចន្លោះ​ស្ពាន​លេខ​៥៣-៥៤ ស្ថិតក្នុង​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។​

​លោក​វរសេនីយ៍ត្រី មុយ ចាន់​ពេជ្រ អធិការនគរបាល​ស្រុក​កោះ​ធំ​បានឲ្យដឹងថា មនុស្ស​៣​នាក់​ដែល​ស្លាប់​បាត់បង់​ជិវិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ​ ​ខន នឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​ម្រិញ ឃុំ​ពោធិ​បាន ស្រុក​កោះធំ​(​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​) ​ជា​អ្នកបើកបរ​និង​ឈ្មោះ​ ​ខេន ខន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ (​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​) ​។​
​លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ​ ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ​ ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ​ខណៈ​បើក​ដល់​ចំណុចកើតហេតុ​ក៍​បាន​បន្ថែម​ល្បឿន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ ​ដែល​បើកបរ​នៅ​ខាង​មុខ តែ​វ៉ា​មិន​ផុត​ក៍​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនៈគីរី​ 1A-7658​បើកបរ​ដោយ​ឈ្មោះ ហ៊ួ ស៊ីថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ  (​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​) ។​
​លោក​វរសេនីយ៍ត្រី មុយ ចាន់​ពេជ្រ អធិការនគរបាល​ស្រុក​កោះ​ធំ​បាន​បញ្ជាក់ថា ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង និង ធ្វើ​កំណត់ហេតុ​ដកហូត​នាំយក​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

photo1 photo2 photo3 photo4