សៀមរាប៖ ពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍ ម.ស.ស ត្រីញ័រ នេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាបក្រោម អធិបតី ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបនិងកញ្ញា ម៉ៃ គូរ៉ាគី តារាចម្រៀងជប៉ុន ជាម្ចាស់អំណោយ អគារ ម ស ស ត្រីញ័រមានបណ្តោយ១៦ម៉ែត្រនិងទទឹង៨ម៉ែត្រស្មើនឹង១២៨ម៉ែត្រការេ ចែកចេញជា បីបន្ទប់ មានបន្ទប់អនាម័យពីរ ហើយចំណាយថវិកាសរុបប្រមាណ ១០០,០០០ដុល្លា(ដប់ម៉ឺនដុល្លាអាមេរិក)។
លោកសុខ ដានី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាប បានលើកឡើងនៅក្នុងពិធីសម្ពោធអគាររបស់មជ្ឈមណ្ឌលសិក្សាសហគមន៍ ត្រីញ័រ ក្នុងឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប លោកសុខ ដានី បានឲ្យដឹងថា ការអប់រំក្រៅប្រព័ន្ធ គឺជា ប្រព័ន្ធអប់រំផ្លូវការមួយដែលបានផ្តល់ឧិកាសដល់មនុស្សគ្រប់វ័យ ដែលមិនមានសំណាងបានរៀនសូត្រតាមការអប់រំក្នុងប្រព័ន្ធ ដើម្បីឲ្យពួកគេបានទទួលបានការអប់រំពេញមួយជីវិត ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យា និងរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ។
ការសិក្សាក្រៅប្រព័ន្ធមានតម្លៃសមមូលនិងការសិក្សាក្នុងប្រព័ន្ធដែរ។ រហូតមកទល់ពេលនេះ នៅក្នុងខេត្តសៀមរាបទាំងមូលមានមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលជាកន្លែងផ្តល់ការអប់រំក្រៅប្រព័ន្ធចំនួន១៣ទីតាំងរួចមកហើយ ហើយចំពោះមជ្ឈមណ្ឌលសិក្សាសហគមន៍ត្រីញ័រនេះ គឺជាទីតាំងទី១៤។
អភិបាលស្រុកពួក លោកម៉ៅ វិសុទ្ធ ថា សម្រាប់អគាររបស់សហគមន៍ត្រីញ័រ នេះបានចំណាយថវិការ សាងសង់ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍បរិក្ខាថាមពលអគ្គីសនី អស់ទឹកប្រាក់សរុបដប់ម៉ឺនដុល្លាអាមេរិក។ លោកបន្តថា ថវិកាទាំងនេះបានមកពីសប្បុរសជនតាមរយៈអង្គការសហព័ន្ធជាតិ នៃសមាគមន៍យូណេស្កូជប៉ុន។
តារាចម្រៀងស្រីរបស់ប្រទេសជប៉ុន និងជាម្ចាស់ជំនួយដ៏ធំម្នាក់សម្រាប់មជ្ឈមណ្ឌលអប់រំសហគមន៍ត្រីញ័រនេះកញ្ញា ម៉ៃ គូរ៉ាគី បានថ្លែងថា មជ្ឈមណ្ឌលសិក្សាសហគមន៍ ត្រីញ័រនេះ កកើតឡើងដោយមានការចូលរួមមូលនិធិពីប្រជាជនជាច្រើន នៅប្រទេសជប៉ុន ។ កញ្ញាបន្តថា ពួកគេចង់ឃើញអ្នកទាំងអស់គ្នា ទាំងមនុស្សពេញវ័យ និងកុមារដែលរស់នៅក្នុងសហគមន៍នេះទទួលបានការអប់រំឲ្យបានច្រើនដើម្បីសម្រេចនូវក្តីប្រាថ្នារបស់ខ្លួន តារាចម្រៀងរូបនេះ បានសន្យាថា នាងនឹងបន្តគាំទ្រដល់ មជ្ឈមណ្ឌលនេះជាបន្ត និងចង់ឃើញសហគមន៍នេះមានការអភិវឌ្ឍន៍៕
វេស៍ហា