ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់បាក់ខែងប្រមាណជិត១០០នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជានៃប្រទេសបារាំង ដែលដឹកនាំដោយឯឧ ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ឋសភា រួមជាមួយនឹងក្រុមការងារ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
ឯឧ ឡោក ឆាយ បានមានប្រសាសន៍ ដោយមើលឃើញពីការលំបាកខ្វះខាត និងដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងនោះ និងមានការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ឋសភា ទើបនៅថ្ងៃនេះបានដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំជូនបងប្អូនដោយឥតគិតថ្លៃ ។ ឯឧ អគ្គលេខាធិការស្តីទី បានបន្តថា ថ្នាក់ដឹកនាំព្រឹទ្ឋសភាទាំងអស់ តែងតែបានយកចិត្តទុកដាក់ពីការរស់នៅរបស់ប្រជាពលរដ្ឋ ហើយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលបានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋជាប្រចាំ ចំពោះសុខទុក្ខនិងកង្វះខាតរបស់ ពួកគាត់ ។ ហើយទាំងអស់នេះ គឺបានបង្ហាញឱ្យឃើញអំពីកាយវិការសប្បុរសរបស់ថ្នាក់ដឹកនាំព្រឹទ្ឋសភា និងភាពកាន់តែជិតស្និតស្នាលជាមួយប្រជាពលរដ្ឋ ឱ្យពួកគាត់កាន់តែមានភាពកក់ក្តៅ មិនថានៅទីជិត ឬក៏ឆ្ងាយនោះទេ ម្យ៉ាងវិញទៀតគឺបានសន្សំសំចៃប្រាក់កាក់ជូនពួកគាត់ថែមទៀតផង ។ ប្រជាពលរដ្ឋដែលទទួលបានការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជានៃប្រទេសបារាំង នាពេលនេះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំព្រឹទ្ឋសភាទាំងអស់ ចំពោះការយកចិត្តទុកដាក់សុខភាព ព្រោះថាមនុស្សម្នាក់សំខាន់នោះ គឺសុខភាពនេះឯង ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ ឯឧ ឡោក ឆាយ អគ្គលេខាធិការស្តីទី ក៏បានដឹកនាំក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជានៃប្រទេសបារាំង ពិនិត្យ និងព្យាលបានជំងឺជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកតាសេក ប្រមាណជាង១០០នាក់ផងដែរ ៕




































