បន្ទាយមានជ័យះ កំលាំងមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរីបានឃាត់ចាប់ ជនសង្ស័យចំនួនបីនាក់ពីចរាចរណ៍រូបិយបណ្ណ័ដុល្លាក្លែងក្លាយ។កាលពីល្ងាចថ្ងៃទី ២៥ខែកុម្ភះឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ទូរស័ព្ទដៃយីហោ លាភ ជា ស្ថិតក្នុងភូមិ និងឃុំឫស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
លោក រស់ សំបូរមេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរីបានបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែកុម្ភះជនសង្ស័យម្នាក់ក្នុងចំណោមបីនាក់នេះបានមកទិញស៊ឹមកាត(លេខទូរសព្ទ័)និងកម្មង់អោយបង្កើតហ្វេសប៊ុកនៅហាងលក់ទូរស័ព្ទដៃយីហោ លាភ ជា ពេលរួចរាល់គេបានអោយលុយក្រដាស២០ដុល្លារួចហើយក៏ចាកចេញទៅ។ក្រោយមកក៏ដឹងថាដុល្លាដែលគេអោយនោះក្លែងក្លាយហើយក៏បានប្តឹងទៅសមត្ថកិច្ចអាវុធហត្ថ។បន្ទាប់ពីបានទទួលពាក្យបណ្តឹងសមត្ថកិច្ចអាវុធហត្ថបានរៀបផែនការហៅអោយជនសង្ស័យមកសារជាថ្មី ទើបរសៀលម្សិលមិញជនសង្ស័យមានគ្នាបីនាក់ជិះរថយន្តហ្វតមួយគ្រឿងមកទិញនិងតថ្លៃទូរសព្ទ័ដៃក៏ត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការដើម្បីចាត់ការបន្តតែម្តង។
លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងដែរថា ជនសង្ស័យទាំងបីនាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ១-ហុក ដូក ភេទប្រុស អាយុ៤៥ឆ្នាំ២- គី ចន្តា ភេទប្រុស អាយុ២០ឆ្នាំនិងទី៣-ហ៊ាង ប៊ូច ភេទប្រុស អាយុ ២៨ឆ្នាំ។ក្រោយឃាត់ខ្លួនដកហូតបានដុល្លាសែនប្រភេទក្រដាស២០បានចំនួន៥សន្លឹក រថយន្តហ្វតជិះធ្វើសកម្មភាពមួយគ្រឿង។បច្ចុប្បន្នជនសង្ស័យទាំងបីកំពុងស្ថិតក្រោមការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធិនៃច្បាប់៕




































