ខេត្តសៀមរាប បញ្ហាកូដកម្មនិងបាតុកម្មប្រៀបដូចជាជម្ងឺសង្គមមួយដែលកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហើយដើម្បីដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធីបានល្អប្រសើរ គឺត្រូវទាមទារឲ្យមន្ត្រីអនុវត្តកិច្ចការទាំងនេះ ស្គាល់និងដឹងច្បាស់ពីមូលហេតុរបស់វា។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅគ្រប់មុខសញ្ញាបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់និងដោះស្រាយបញ្ហាកូដកម្មនិងបាតុកម្ម នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សិក្ខាសាលានេះ រៀបចំដោយគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងមានវត្តមានចូលរួមជាសិក្ខាកាម ពីសំណាក់មន្ត្រីថ្នាក់ដឹកនាំមកពីបណ្តាអង្គភាព-ស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានស្រុក-ក្រុងឃុំ-សង្កាត់ក្នុងទូទាំងខេត្តសៀមរាប និងមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធផងដែរ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ដលសិក្ខាកាម អនុវត្តភារកិច្ច ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមបណ្តាអាជីវកម្មដ្ឋានសេវាកម្មដ្ឋាននិងរោងចក្រសហគ្រាសនានាហើយអង្គសិក្ខាសាលានេះ ក៏បានយកចិត្តទុកដាក់ជាសំខាន់ ដើម្បីស្វែងរកគោលការណ៍យុទ្ឋសាស្ត្រជាគន្លឺះ ព្រមជាមួយនឹងយន្តការដែលសមស្របបំផុតសម្រាប់ប្រែក្លាយទំនាស់ការងារ ឲ្យមានការស្រុះស្រួលឯកភាពក្នុងស្មារតីសាមគ្គីភាព យោគយល់គ្នា មានប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងភាគីនិយោជិតនិងនិយោជក ទទួលបានភាពឈ្នះទាំងអស់គ្នា គ្មានអ្នកចាញ់ ។
លោក ពេជ សោភ័ន បានបង្ហាញនូវការកត់សំគាល់មួយចំនួន ទៅលើកត្តាដែលនាំឲ្យកើតមានវិវាទ រីករាលដាលជាបាតុកម្ម និងឈានរហូតដល់ការធ្វើកុបកម្មនៅកម្ពុជានាពេលកន្លងមក ។ របាយការណ៍ក្នុងសុន្ទរកថារបស់ឯកឧត្តមបានបញ្ចាក់ផងដែរថា៖បញ្ហាកូដកម្ម បាតុកម្មតាមរោងចក្រសហគ្រាសដែលកើតមានក្នុងឆ្នាំ២០១៥កន្លងមក ចំនួន ៣៣៦ ករណីក្នុងនោះមានកូដកម្មបិទផ្លូវ កូដកម្មហិង្សា កូដកម្មអន្តរាគមន៍និងការដង្ហែរក្បួន ជាដើម ។ ក្នុងរបាយការណ៍នោះបញ្ជាក់ថា ៖ កូដករមានចំនួនសរុប៨២៤៥៨នាក់តិចជាងឆ្នាំ២០១៤ ក្នុងអត្រា៤០%។ដោះស្រាយសះជាចំនួន៣២៦ ករណី មិនសះជា ១០ ករណី។បាតុកម្មមានចំនួន ១៩២ ករណី មានបាតុករ ចំនួន ១៩២៧៤នាក់ ដោះស្រាយសះជា ១៨៥ ករណីនិងមិនសះជាចំនួន ៧ ករណី។
ជាមួយគ្នានោះ ឯកឧត្តម ពេជ សោភ័នបានបង្ហាញអានុសាសន៍ថា ៖ ត្រូវពង្រឹងនិងបង្កើតយន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញាគ្រប់ថ្នាក់ឱ្យមានសកម្មភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់អន្តរាគមន៍និងដោះស្រាយឱ្យបានឆាប់រហ័ស ដែលអាចទទួលយកបានទាំងអស់គ្នា៕



































