កំពង់ឆ្នាំង៖ ដើម្បីធ្វើអោយទីក្រុងកំពង់ឆ្នាំង មានសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យល្អប្រសើរក្នុងគោលដៅលើកកំពស់ ការរស់នៅប្រកបដោយផាសុខភាព និងគោលដៅទេសចរណ៍ជាតិអន្តរជាតិ និងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៤ឆ្នាំ២០១៦នេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជាង២ពាន់នាក់ បានចូលរួមសំអាតទីក្រុងកំពង់ឆ្នាំងនៅគ្រប់ផ្លូវ និងទីសួនកំសាន្តនានាយ៉ាងផុលផុស។
លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការរស់នៅរបស់ពលរដ្ឋមានផាសុខភាព ព្រមទាំងគោលដៅទេសចរណ៍ជាតិអន្តរជាតិ អាជ្ញាធរខេត្តបានតំរូវអោយគ្រប់មន្ទីរ អង្គភាពក្រុងស្រុក លំនៅដ្ឋាន តូបលក់ដូររបស់អាជីវករ ពាណិជ្ជករទាំងអស់ ត្រូវមានធុងសំរាមរបស់ខ្លួនជាប្រចាំ និងត្រូវបោសសំអាតប្រមូលសំរាមដាក់ក្នុងធុងសំរាម ដើម្បីចូលរួមធ្វើអោយទីក្រុងកំពង់ឆ្នាំង និងស្រុកនីមួយៗស្អាតជាប្រចាំ ស្របនឹងពាក្យស្លោកថា «ទីក្រុងស្អាតផ្តើមពីយើងទាំងអស់គ្នា»។
ពេលធ្វើដំណើរមិនត្រូវបោះចោលថង់ផ្លាស្ទីក សំណល់ចំណីអាហារនៅទីសាធារណៈ សួនសាធារណៈ និងនៅលើដងផ្លូវថ្នល់នានាក្នុងក្រុងស្រុកដូចពាក្យស្លោកមួយពោលថា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។ សូមធ្វើជាប្រជាពលរដ្ឋល្អដែលមានឆន្ទៈ ដោយរើសថង់ផ្លាស្ទីកសំបកចំណីអាហារ នៅតាមទីសាធារណៈ សួនសាធារណៈ លើផ្លូវថ្នល់ដាក់ចូលក្នុងធុងសំរាមដែលនៅជិតបំផុត «ប្រជាពលរដ្ឋល្អ ទីក្រុងស្អាត ជាទីក្រុងគ្មានថង់ផ្លាស្ទីកហើរតាមខ្យល់ គ្មានសំរាម»។
លោកបានបន្តថា៖ នៅលើចិញ្ចើមផ្លូវមុខលំនៅដ្ឋានត្រូវជំរះស្មៅ រៀបការ៉ូឡា និងដាំដើមឈើ ឬដើមផ្កាដើម្បីលើកសោភ័ណភាពទីក្រុងរបស់យើងអោយកាន់តែស្រស់បំព្រង ជាគោលដៅនៃការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកកំសាន្ត ស្នាក់នៅខេត្តកំពង់ឆ្នាំងយើងកាន់តែច្រើនឡើង។
នៅតាមចិញ្ចើមផ្លូវខាងមុខ និងជុំវិញបរិវេណមន្ទីរអង្គភាព លំនៅដ្ឋានគ្រប់ក្រុមគ្រួសារ កន្លែងអាជីវកម្ម សាលារៀន វត្តអារាម និយាយរួមគឺគ្រប់ទីកន្លែងទាំងអស់ ត្រូវតែបោសសំអាតសំរាមអោយស្អាតជាប្រចាំ។ ដោយឡែកនៅគ្រប់រោងចក្រសហគ្រាស ត្រូវបោសសំអាតទីធ្លាជុំវិញអោយស្អាតជាប្រចាំ និងត្រូវមានធុងសំរាមរបស់ខ្លួន ដោយត្រូវណែនាំកម្មករកុំអោយចោលថង់ផ្លាស្ទីក ឬសំរាមផ្សេងៗពាសវាលពាសកាលនាំអោយបាត់សោភ័ណភាព « ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន»។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦នេះ គេពីនិត្យឃើញគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្សទាំងអស់បានចូលរួមសំអាតទីក្រុងនៅគ្រប់ទីកន្លែងដោយទឹកមុខរីករាយ និងប្រកបដោយឆន្ទះ ចំណែកបងប្អូនប្រជាពលរដ្ឋក៍បានចូលរួមយ៉ាងផុលផុសផងដែរ៕



































