កំពត៖ ជនសង្ស័យប្រុសស្រីពីនាក់ត្រូវបានកំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជយ័ឃាត់ខ្លួនកាលពីវេលាម៉ោង៤,៣០នាទីរសៀលថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងចំណុចភូមិប្រាល ឃុំតានី ស្រុកអង្គរជយ័ ។លោកឧត្តមសេនីយត្រី អ៊ិន ជីវ៉ាស្នងការរងនិងជានាយការិយាលយ័កណ្តាលនគរបាលប្រឆាំងបទល្មើសជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថាៈដោយមានការសហការយ៉ាងជិតស្និទ្ឋពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង មានការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការខេត្ត ក្រោយពីទទួលព័ត៌មានពីកំលាំងអធិការដ្ឋាននគរបាលស្រុកអង្គរជយ័ លោកបានដឹកនាំនិងបញ្ជាកំលាំងសមត្ថកិច្ចការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្តចុះឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីបានចំនួន២នាក់នាំមកកាន់ស្នងការខេត្តដើម្បីសាកសួរ ។

លោកមានបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០១៦ ក្រោយពីនាំខ្លួនជនសង្ស័យប្រុសស្រីទាំងពីរនាក់មកកាន់ការិយាលយ័ប្រឆាំងបទល្មើសការជួញដូរគ្រឿងញៀន ដើម្បីពិនិត្យវត្ថុតាងនិងពិនិត្យទឹកនោមក៍មានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោកខា ដែនណាផងដែរ ។
ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀននេះមាន៖
ទី១-ឈ្មោះ សឿង ស៊ីម៉េង ភេទ ប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជយ័(ជននេះសមត្ថកិច្ចពិនិត្យទឹកនោមមានជាតិថ្នាំញៀន) ទី២-ឈ្មោះ តឹក ចាន់ម៉ីរី ភេទស្រី អាយុ២០ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នាខាងលើ(ជនម្នាក់នេះពិនិត្យទឹកនោមមិនមានសាធាតុថ្នាំញៀនទេ)រីឯវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់គឺកញ្ចប់ធំ១កញ្ចប់កណ្តាល១ និងកញ្ចប់តូច១ ទាំងបីកញ្ចប់មានទម្ងន់១៤,២៤ក្រាម ជញ្ជីងថ្លឹងមួយ និងថង់សំរាប់ច្រកថ្នាំមួយចំនួនធំ។

បច្ចុប្បន្ន ក្រោយពីសាកសួរ និង ពិនិត្យរួចរាល់ហេីយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវីធីច្បាប់ ៕



































