ស្ត្រីម្នាក់បានដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង ដោយយកខ្សែពួរចងក ជាប់ជាមួយឃ្នាបដំបូលផ្ទះ ។ ហេតុការណ៍នេះ បានកើតទ្បើងស្ថិតនៅក្នុងភូមិសំណរខ្មៅ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
ក្រុមគ្រួសារសព បាននិយាយប្រាប់ប៉ូលីសថា មូលហេតុបានជាស្ត្រីនេះ ដាច់ចិត្តធើ្វអត្តឃាតខ្លួនឯងនេះ បណ្តាលមកពីពិបាកចិត្ត ដោយសារជំពាក់លុយគេច្រើនពេក ។
លោក ទៀង ម៉ាលី អធិការស្រុកទ្រាំង បាននិយាយឱ្យដឹងថា ស្ត្រីចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះ ម៉ិញ គឿន អាយុ៣៤ឆ្នាំ មានប្តី មានកូនចំនួន ៤នាក់ក្នុងបន្ទុក ។
ស្ត្រីជាម្តាយបាននិយាយថា មុនពេលកើតហេតុមុនមួយថ្ងៃ កូនស្រីរបស់គាត់ បានហៅគាត់មកនិយាយពិភាក្សាគ្នា អំពីរឿងជំពាក់លុយគេ ហើយបាននិយាយផ្តាំប្រាប់គាត់ថា ឱ្យជួយមើលកូនទាំងបួននាក់ឱ្យផង ។
ពេលនោះ គាត់ក៏មិនបានចាប់អារម្មណ៍អីទេ លុះដល់ពេលយប់រំលងអាធ្រាត កូនគាត់ក៏ចងកសម្លាប់ខ្លួន ចោលប្តី និងចោលកូនបួននាក់តែម្តង ៕