សៀមរាប៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៤និង៣០នាទី នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ចាប់ខ្លួនចោកាច់សោរម៉ូតូនិងប្រើប្រាស់សារធាតុញៀនពីរនាក់ ។ លោកវរៈសេនីយ៍ត្រី ស៊ាន ថ្លា នាយផ្នែកនីតិវិធីនិងសួរចម្លើយបានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះមុជ សុភាព ភេទប្រុស អាយុ២២ឆ្នាំ មានទីទំនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្នាក់បន្ទប់ជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុងនិងខេត្តសៀមរាប បាត់ម៉ូតូហុងដាឌ្រីម សេ១២៥ សេរី២០១៣ លេខតួនិងម៉ាស៊ីន៨៨៥២១៨៨ ពាកើស្លាក់លេខសៀមរាប ១.O ០៦២៩។
លោកបន្តថា តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃដដែលនោះវេលាម៉ោង១៤កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះង្វៀង យ៉ាំងប៊ូវ ហៅ ប៉ាវ អាយុ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ទី២ឈ្មោះ ហូ យ៉ាំងសៀង អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ដកហូតបានវត្ថុតាំង បំណែកម៉ូតូដែលពួកគេដោះលក់ទៅឲ្យអ្នកទទួលផលចោរកម្ម(ទិញម៉ូតូកាប់សាច់)ឈ្មោះលាង លាភ ហៅរ៉ា អាយុ៥១ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប តាមចម្លើយសារភាពនិងមានសាក្សីច្បាស់លាស់ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ព្រមទាំងអ្នកទទួលផលចោរកម្ម បញ្ជូនទៅកាន់តុលាការនៅថ្ងៃទី២៦ខែកុម្ភៈវេលាម៉ោង១៤នេះ គួរបញ្ជាក់ផងដែរជនសង្ស័យទាំងពីរនាក់នេះ ធ្លាប់ជាប់ពន្ធ័នាគារខេត្តសៀមរាបច្រើនលើកពីបទ លួច និងប្រើប្រាស់សារធាតុញៀនខុសច្បាប់៕
វេហាស៍