មន្ត្រី​អន្តោប្រវេសន៍ ចុះ​ធ្វើ​ជំរឿន​នៅ​សង្កាត់​ទួល​សង្កែ​, ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​ថា គាត់​ជា​ខ្មែរ ឲ្យ​ចូលសញ្ជាតិ​ខ្មែរ​ទៀត​!

0

(​ភ្នំពេញ​)៖ ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាននិងកំពុង​បញ្ចេញ​ប្រតិកម្ម ចំពោះ​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍ ដែល​កំពុង​ធ្វើ​ជំរឿន​ជនបរទេស​នៅ​មូលដ្ឋាន​របស់ខ្លួន ដោយ​ពួកគាត់​ថា ជា​ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​ហើយ បែរជា​ក្រុមមន្ត្រី​ទាំងនោះ ប្រាប់​ឲ្យ​ពួកគាត់​ចូលសញ្ជាតិ​ខ្មែរ​ថែមទៀត​។​ប្រជាពលរដ្ឋ​ខ្លះ បាន​លើកឡើងថា ក្រុមមន្ត្រី​ទាំងនោះ​គ្រាន់តែ​ឃើញ ពួកគាត់​មាន​រូបរាង ការនិយាយស្តី មិនសូវ​ច្បាស់ និង​សាច់ឈាម ដូច​ជន​វៀតណាម ស្រាប់តែ​ក្រុម​អន្តោប្រវេសន៍ ចាត់ទុក​ពួកគាត់​ទាំងនោះ​ជា​ជនជាតិ​វៀតណាម​តែម្តង បើទោះបី​ពួកគាត់​មាន​សៀ​ភៅ​គ្រួសារ សំបុត្រកំណើត អត្រានុកូលដ្ឋាន និង​អត្ត​ស​ញ្ជា​ណ​ប័ណ្ណ​គ្រប់គ្រាន់ និង​យូរ​មកហើយ​នោះ​។​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ​ក្រុមមន្ត្រី​ចំរុះ​របស់​ក្រសួងមហាផ្ទៃ រួមមាន​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គនាយដ្ឋាន​វិសោធនកម្ម អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយដ្ឋាន​ក្រុមប្រឹក្សា​នីតិកម្ម បាន​ចុះទៅ​ធ្វើ​ជំរឿន​ជនបរទេស​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ពោលគឺ​ចុះទៅ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាជន​វៀតណាម ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ចំនួន​រស់នៅ​តាម​មូលដ្ឋាន​។​បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់​ឈ្មោះ ប៊ុន ច​យ មាន​ប្រពន្ធ​ឈ្មោះ ឃុន យូ មានកូន​ស្រី​ចំនួន​៣​នាក់ ក្នុងបន្ទុក​រស់នៅ​សង្កាត់​ទួល​សង្កែ តាំងពី​ឆ្នាំ​១៩៨៣ បាន​លើកឡើងថា សមត្ថកិច្ច​បានដាក់​លិខិតអញ្ជើញ​ឲ្យ​រូបគាត់ យក​ឯកសារ​ដែល​ពាក់​ព័ន្ធ​រួមមាន សៀវភៅ​គ្រួសារ សៀវភៅ​ក​២ អត្តសញ្ញាណប័ណ្ណ សំបុត្រ​បញ្ជាក់​កំណើត ដើម្បី​ទៅ​ចូលរួម​សម្ភាសន៍​។​លោក ច​យ បានបង្ហាញ​ចម្ងល់​ថា រូបគាត់​ជា​ខ្មែរ​សុទ្ធសាធ កើត​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង រួមទាំង​ក្រុមគ្រួសារ​ទាំងមូល ហេតុអ្វី​អញ្ជើញ​ឲ្យ​រូបគាត់ ទៅ​សម្ភាសន៍​ទៀត តើ​ចង់​ឲ្យ​គាត់​លា​ពី​សញ្ជាតិ​ខ្មែរ​ទៅ​ចូល​សញ្ញា​តិ​ខ្មែរ​? លោក​ថា ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ គឺមាន​គ្រប់គ្រាន់ រាប់​ឆ្នាំ​មក ហើយ​តែ​បែរជា​មន្ត្រី​ទាំងនោះ អញ្ជើញ​ឲ្យ​គាត់​ទៅ​សម្ភាសន៍​ទៀត វា​ពិតជា​មហា​ឆ្ងល់​។​បុរស​ដែលមាន​ឈ្មោះ រូបរាង និង​សំដីសំដៅ ដូច​ជនជាតិ​វៀតណាម​នេះ បាន​ប្រាប់​ភ្នាក់ងារ​
បាន​ប្រាប់​សហការី​ទូរទស្សន៍​អ​ប្សា​រ៉ា​ប៉ុស្ដិ៍​លេខ​១១​ថា «​នៅពេល​ចូលទៅក្នុង​បន្ទប់ មន្ត្រីនគរបាល​បាន​សួរនាំ និង​ប្រាប់​ឲ្យ​ខ្ញុំ ឲ្យ​ចូលសញ្ជាតិ​ខ្មែរ ពេលនោះ​ខ្ញុំ​ប្រាប់ថា បើ​ខ្ញុំ​ជា​ខ្មែរ​ហើយ​ហ្នឹង តើ​ឲ្យ​ខ្ញុំ​ចូល​ខ្មែរ​អី​ទៀត ប៉ុន្តែ​មន្ត្រី​នោះ​ឆ្លើយថា ខ្ញុំ​ជា​ជនជាតិ​វៀតណាម និង​ថែមទាំង​ឲ្យ​ចេញពី​បន្ទប់ ដើម្បី​ឲ្យ​មន្ត្រី​ផ្សេងទៀត​មើល និយាយ​ជាមួយ រួច​ថា ខ្ញុំ​ជា​វៀតណាម​។ ខ្ញុំ​ហួសចិត្ត​ហើយក៏​ដើរ​ចេញពី​ទីនោះ ត្រឡប់ទៅផ្ទះ​តែម្តង បើទោះបីជា​ពួកគេ​ឲ្យ​ខ្ញុំ​ចុះបញ្ជី​ឈ្មោះ​ដើម្បី​ចូល​ជា​សញ្ជាតិ​ក៏ដោយ​នោះ​»​។​លោក ច​យ បាន​បន្តថា «​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ទាំងអស់ និង​បាន​ចូលរួម​បោះឆ្នោត ចំនួន​៥​អាណត្តិ មកហើយ​។ ខ្ញុំ​គិតថា ក្រុមមន្ត្រី​អន្តោប្រវេសន៍​ទាំងនោះ បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ ចូល​សញ្ញា​តិ​ខ្មែរ​យ៉ាង​ដូច្នេះ ដោយ​សំអាង​ការមើល​លើ​រូបរាងកាយ និង​សំដី មិន​មើល​ឯកសារ ប្រហែល​ចង់បាន​លុយ​ប៉ុណ្ណោះ ពីព្រោះ​លឺ​អ្នក​ជាតិ​ខាង​ខ្ញុំ ជា​ជនជាតិ​វៀតណាម​ថា ពេល​ចុះឈ្មោះ​ចូល​សញ្ញា​តិ​គឺ​ត្រូវ​ចំណាយ​ប្រា​ក់ជាង​២​ម៉ឺន​រៀល​»​។​ពាក់ព័ន្ធ​ការបញ្ចេញ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ លោក​ឧត្ដមសេនីយ៍ត្រី ប៉ូ សេង​លាង អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​បាន​ប្រាប់​ភ្នាក់ងារ
​បាន​ប្រាប់​សហការី​ទូរទស្សន៍​អ​ប្សា​រ៉ា​ប៉ុស្ដិ៍​លេខ​១១ ថា ជិត​មួយខែ​មកហើយ ដែលមាន​យើង​សហការគ្នា មាន​នាយកដ្ឋាន​ចំនួន​៥ ចូលរួម​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍ នៅ​សង្កាត់​ទួល​សង្កែ​។ លោក​ថា​«​ជិត​មួយខែ​មកនេះ យើង​រកឃើញ​ជនអន្តោប្រវេសន៍​ចំនួន​២០១​នាក់ ដែលជា​ជនជាតិ​វៀតណាម ហើយក៏​មិនមាន​ប្រតិកម្ម​អ្វី​ឡើយ ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​»​។​លោក​ឧត្ដមសេនីយ៍ត្រី ប៉ូ សេង​លាង បាន​បន្តទៀតថា កន្លងមក​សមត្ថកិច្ច​ជំនាញ អន្តោប្រវេសន៍​ទាំង​៥ នាយកដ្ឋាន​បាន​អនុវត្តន៍​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ ដោយ​ជំរឿន​តែ​ជនបរទេស​ប៉ុណ្ណោះ ដោយ​មិន​បានធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ព្រោះ​ខុស​នីតិវិធី ហើយ​សមត្ថកិច្ច​ជំនាញ​បានបញ្ចប់ ក្រោយពី​អនុវត្តន៍​នៅ​សង្កាត់​ទួល​សង្កែ​រួចរាល់ នឹង​ត្រៀម​លើក​ទិសដៅ​បន្តទៅ​អនុវត្តន៍​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ លោក​ឧត្ដមសេនីយ៍ត្រី បាន​បញ្ជាក់ថា​«​ក្នុងការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ ឫ​ក៏​សម្ភាសន៍​ជនអន្តោប្រវេសន៍​ណា​ម្នាក់ មុន​សម្រេច​ឫ​វាយតម្លៃថា ជា​ខ្មែរ​ត្រូវមាន​ការឯកភាព​វិនិច្ឆ័យ​សម្រេច​ចេញពី​អគ្គនាយកដ្ឋាន​ទាំង​៥»៕

​ដោយ កំសាន្ដ​

photo_2016-02-27_17-42-03 photo_2016-02-27_17-42-01 photo_2016-02-27_17-41-57 photo_2016-02-27_17-41-52 photo_2016-02-27_17-41-50 photo_2016-02-27_17-41-47 photo_2016-02-27_17-41-45 photo_2016-02-27_17-41-40 photo_2016-02-27_17-41-38