ខេត្តសៀមរាប៖ ក្រុមប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវ កៅស៊ូមួយខ្សែម្តុំអង្គរឃ្យុងយូនិងពលរដ្ឋដែលរស់នៅជាប់ជាមួយរបងសាលាខេត្តថ្មីនោះបាននាំគ្នារិះគន់ទៅលើអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធថា”គំនរសំរាមមួយពំនូកនៅក្បែររបងសាលាខេត្តបានទុកបង្អួតភ្នែកភ្ញៀវទេសចរណ៍ដល់ណាទៀតឬក្រុមមន្ត្រីទាំងនោះកំពុងលង់លក់អស់ទៅហើយឬ?”។
ប្រភពពីប្រជាបលរដ្ឋដែលបានរស់នៅជិតរបងសាលាខេត្តថ្មី បានលើកឡើងថា៖ គំនរសំរាមនៅក្បែរររបងសាលាខេត្តថ្មី ពួកគេឃើញយូហើយមិនដែលមានមន្ត្រីណាម្នាក់មកអើពើឬឱ្យឡានដឹកសម្រាមយកចេញទេ ចុះទម្រាំនៅតាមផ្លូវមួយចំនួនក្នុងក្រុងទេសចរណ៍រំដួលបីទងមួយនេះមានប៉ុន្មានកន្លែងទៀតទៅ។ប្រភពបានបន្ថែមទៀតថា កន្លងទៅគេបានឃើញមន្ត្រីជំនាញ មានការចុះសំអាតម្តងម្កាលដែរ ទាល់តែមានខាងបណ្តាញសង្គមហ្វេសបុក ឬពលរដ្ឋនាំគ្នារិះគន់ ទើបមានការចុះសំអាត ដែលករណីនេះ មិនអីនិងពាក្យគេថា ចាំទាល់តែគេចាក់គូថទើបភ្ញាក់ខ្លួន។
ជុំវិញទៅនឹងករណីរិះគន់នេះដែរ លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានថ្លែងប្រាប់ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ខែកុម្ភៈថា”ចំពោះនៅក្នុងបរិវេណនៃឃ្យុងយូហ្នឹង គឺខាងអាជ្ញាធរជាតិអប្សរាគាត់ជាអ្នកទទួលខុសត្រូវសំអាត”។លោកបន្តថា ការប្រមូលសំរាមក្នុងក្រុងសៀមរាបគឺយើងបានចែកហ្សូនគ្នាហើយ។លោកបញ្ជាក់ថា ចាំមើលលោកទាក់ទងទៅខាងក្រុងសិន ដើម្បីឱ្យក្រុងប្រាប់ទៅខាងអប្សរាចុះមកប្រមូលសម្រាមកុំឱ្យមានក្លិនស្អុយជះដល់ភ្ញៀវទេសចរណ៍ ដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ចំណែកលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានថ្លែងដែរថា៖ អាជ្ញាធរជាតិអប្សរាមានការព្រួយបារម្មណ៍ពីរឿងហ្នឹងដែរ ដោយធ្វើការប្រជុំ ហើយក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋកុំចោលសំរាមពាសវាលពាសកាលក្នុងតំបន់ទេសចរណ៍ ដែលធ្វើឱ្យប៉ះពាល់សោភណ្ឌភាពនៅក្នុងរមនីយដ្ឋានអង្គរ។លោកបញ្ជាក់ថា ក្រុងសៀម
រាបបានជាប់ចំណាត់ថ្នាក់ថា ជាទីក្រុងស្អាតនៅលើពិភពលោក និងជាក្រុងជម្រើសនៃគោលដៅទេសចរណ៍ផងដែរ។ លោកបញ្ជាក់ទៀតថា គួរតែយើងទាំងអស់គ្នាកុំនិយាយថា ជាតួនាទីរបស់នរណានោះទេ គឺយើងគួរតែនាំគ្នាអប់រំដល់ពលរដ្ឋនិង ដើម្បីប្រយោជន៍សាធារណៈទើបជាការប្រសើរសម្រាប់តំបន់ទេសចរណ៍ ហើយខាង អាជ្ញាធរជាតិអប្សរាតែងដើរណែនាំឱ្យពលរដ្ឋជួយថែរក្សាអនាម័យក្នុងរមនីយដ្ឋានអង្គរឱ្យបានល្អ។
ចំណែកលោក សូ ប្លាតុង អភិបាលក្រងសៀមរាបមិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេដោយហៅចូលជាច្រើនដងតែគ្មានអ្នកទទួល។
គួររំលឹកផងដែរថា ពលរដ្ឋមានការសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមិនធ្វើព្រងើយកន្តើយទៀតនោះទេ ព្រោះ ក្រុងសៀមរាបគឺជាតំបន់បេះដូងទេសចរណ៍របស់កម្ពុជា៕ដោយ ច័ន្ទ រស្មី


































