ស្ទឹងត្រែង៖ច្បោះជ័ររាប់ពាន់ដើមរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលរួមទាំងព្រៃស្រោងរបស់រដ្ឋរាប់ពាន់ហិចតាលាតសន្ធឹងជាប់និងព្រៃឡង់ និងជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ ត្រូវបាននិងកំពុងរងការវិនាសយ៉ាងធ្ងន់ធ្ងរក្រោមឥទ្ធិពលមេឈ្មួញម្នាក់ឈ្មោះងិន សូរី ថាមានអំណាច សូម្បីតែអាជ្ញាធរមូលដ្ឋានក៏មិនហ៊ាន ប៉ះជាមួយគេដែរ។
លោកធិ សែម អាយុ៣៨ឆ្នាំជាតំណាងប្រជាពលរដ្ឋរស់ក្នុងភូមិរំដេងឃុំចំការលើបានរៀបរាប់អោយដឹងថាច្បោះជ័រទឹករបស់គាត់រាប់ពាន់ដើម ដែលអាស្រ័យផល និងជាកេស្ត៍ដំណែលតាំងពីដូនតា បន្តអោយកូនចៅជំនាន់ក្រោយ សំរាប់ដោះស្រាយជីវភាពគ្រួសារ និងជាមុខរបរសម្រាប់ប្រជាពលរដ្ឋរស់នៅតាមស្រែចំការ រហូតដល់បច្ចុប្បន្ននេះ កំពុងរងការបំផ្លាញពីណាក់ឈ្មួញម្នាក់ឈ្មោះងិន សូរី បានកាប់រំលោភទន្ទ្រានយ៉ាងឃោឃៅ មកលើប្រជាពលរដ្ឋ ដោយមិនបានដឹកសុខទុកលំបាក និងការរស់នៅរបស់ពួកគាត់ឡើយ។
លោកធិ សែមបានបន្តទៀតថាមិនតែប៉ុណ្ណោះ ដីព្រៃស្រោង(ហៅថាព្រៃគុប)ជារបស់រដ្ឋរាប់ពាន់ហិចតាត្រូវបានមេឈ្មួញឈ្មោះងិន សូរី ជួលគេកាប់អមសងខាងផ្លូវលំរាប់គីឡូ តាំងពីឆ្នាំ២០១៣រហូតមកដល់ដើមឆ្នាំ២០១៦ ហាក់បីដូចពុំឃើញមានសមត្ថកិច្ចឬអាជ្ញាធរ ចុះមកពិនិត្យមើលឡើយ បណ្តាយអោយឈ្មួញរូបនេះ ធ្វើការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិតេយ្យ។
ដោយឡែកលោកស៊ូ សុនអាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើក៏បានអោយដឹងដែរថា លោកក៏មានច្បោះជ័រ ជាងមួយពាន់ដើមដែរ ពេលនេះក៏កំពុងរងការកាប់បំផ្លាញ់ពីឈ្មោះងិន សូរី ដែរ ក្នុងច្បោះជ័រជាងមួយពាន់ដើម ជាងមួយរយដើមត្រូវបានកាប់បំផ្លាញ់ ខណរូបគាត់បានចូលទៅដងជ័រ ត្រូវបានអ្នកកំពុងកាប់ព្រៃប្រាប់ថាអុំសូរីជាអ្នកអោយកាប់ គាត់ក៏មិនហ៊ានជាមួយគេដែរ លោកក៏បានត្រឡប់មកវិញ។លោកថាដីព្រៃរាប់ពាន់ហិចតាត្រូវបានមេឈ្មួញ វាស់លក់ក្បាល៥០ម៉ែត្រ បណ្តាយមួយគីឡូក្នុងតម្លៃ១៥០០ដុល្លា (មួយពាន់ប្រាំរយដុល្លា) តែរហូតមកដល់បច្ចុប្បន្ននេះ បានឡើងថ្លៃក្បាលមួយរយម៉ែត្រ បណ្តាយមួយគីឡូតម្លៃ៥០០០ដុល្លា (ប្រាំពាន់ដុល្លា)ឯណ្ណោះ។
លោកបន្តថាក្រោយពីមានកាប់បំផ្លាញច្បោះជ័រប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិពួកគាត់បានដាក់ពាក្យបណ្តឹងផ្តិតមេដៃជូនទៅអាជ្ញាធរមូលដ្ឋាន តែមិនដែលបានឃើញ អាជ្ញាធរចុះមកធ្វើការដោះស្រាយ ជូនពួកគាត់ឡើយ។លោកថាដីព្រៃដែលកំពុងរងការកាប់បំផ្លាញនេះ មានវែងប្រមាណជា១០គីឡូម៉ែត្រ អមសងខាងផ្លូវ ដែលគេកាប់ជំរៅចូលទៅក្នុង ជាកង់ៗជាច្រើនគីឡូដែលអាចមានរហូតរាប់ពាន់ហិចតាឯណ្ណោះ។
លោក ព្រះ ហែម មេឃុំចំការលើបានអោយដឹងថាអ្នកស្រី ងិន សូរី ធ្លាប់បានស្នើរសុំសម្បទានដីសង្គមកិច្ចមានទំហំប្រមាណជា១៥០០ហិចតាតែប៉ុណ្ណោះ ដើម្បីយកដីទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួ ន១១៧គ្រួសារមកពីឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។តែពេលនេះ អ្នកស្រីមិនបានអនុវត្តទៅតាមការស្នើសុំនោះទេ បាននិងកំពុងកាប់បំផ្លាញដីព្រៃរបស់រដ្ឋនិងរំលោភយកដីច្បោះជ័រប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលថែមទៀតផង។
ទាក់ទងទៅនិងការកាប់ទន្ទ្រានដីព្រៃស្រោររបស់ដ្ឋ និងកាប់ច្បោះជ័រប្រជាពលរដ្ឋកម្ពុជាថ្មីបានទូរស័ព្ទទៅអ្នកស្រីងិន សូរីដើម្បីសុំការបំភ្លឺក្នុងករណីខាលើនេះ ទូរស័ព្ទចូលតែត្រូវបានអ្នកស្រីបដិសេដ្ឋថាគាត់មិនមែនឈ្មោះនិងទេ។
ពាក់ព័ន្អក្នុងករណីខាងលើនេះ អ្នកយកព័ត៍មានយើងបានប្រាប់ថាលោកថោង ស្រ៊ាន់ អភិបាលស្រុកថាឡាបរិវ៉ាត់ធ្លាប់ប្រាប់អ្នកយកព័ត៍មានថាដីសម្បទានសង្គមកិច្ច ដែលអ្នកស្រី ងិន សូរីបានស្នើរសុំនៅចំណុចភូមិរំដេងឃុំចំការលើនោះរហូត ដល់ពេលនេះ នៅមិនទាន់មានអនុក្រិត ចេញពីរាជរដ្ឋាភិបាលនៅឡើយទេ គ្រាន់តែអាជ្ញាធរខេត្តនិង ស្រុកបានទទួលនៅសំណើរនិងឯកសាររបស់អ្នកស្រី ងិន សូរីតែប៉ុណ្ណោះ។
ពាក់ព័ន្ធនិងករណីខាងលើនេះក្រោយពីមានការផ្សព្វផ្សាយពីទូរទស្សន៍និងការសែតមួយចំនួនលោកម៉ុម សារឿនអភិបាលខេត្តបានបញ្ជាអោយកម្លាំងចម្រុះចុះពិនិត្យនិងស្រងយកទិន្ន័យទៅលើសកម្មភាពនេះ។តែក្នុងការចុះពិនិត្យនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា មន្ត្រីមួយចំនួនដែលចុះពិនិត្យអាចមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះផងដែរ អាចជារបាយការណ៍ភូតភ។ពួកគាត់ថាបើចង់ដឹងច្បាស់នៅវិនាសកម្មក្នុងការកាប់ទន្ទ្រានដីព្រៃនេះ សូមអោយថ្នាក់ជាតិចុះមកពិនិត្យមើលផ្ទាល់ទើបដឹងច្បាស់ថាមានទំហំធំធេងប៉ិនណា។
សូមបញ្ចាក់ថាកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋតូចតាចពាក់ព័ន្ធនិងការកាប់ចំការតិចតួច ត្រូវបានសមត្ថកិច្ច ចាប់បញ្ជូនទៅតុលាការឃុំខ្លួន តែរឿងខាងលើនេះ ធំតែគេមិនទាន់ឃើញមានសមត្ថកិច្ចណា ហ៊ានចាត់វិធានការទៅលើមេឈ្មួញនេះឡើយ៕



































