ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨កុម្ភះ២០១៦មានឧប្បត្តិហេតុភ្លើងឆេះគុម្ពោធព្រៃហើយបានឆេះរាលផ្ទះចំនួន២ខ្នងដែលមុនដំបូងផ្ទះ១ខ្នងប្រក់ស្បូវទុកចោលគ្មានមនុស្សមុនគេបន្ទាប់មករាលដាលដល់ផ្ទះធ្វើពីឈើប្រក់ស្បូវ១ខ្នងទៀតនៅក្បែរគ្នា។អគ្គិភ័យនេះបណ្តាលអោយឆេះផ្ទះសន្ធោសន្ធៅទៅជាកម្ទេចផេះកាលពីវេលាម៉ោង១១ព្រឹកស្ថិតនៅប៉ែកខាងក្រោយចម្ងាយប្រមាណ៤០០ម៉ែត្រពីរដ្ឋបាលសាលាស្រុកត្បែងមានជ័យប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទ្បើយ។អគ្គិភ័យឆាបឆេះផ្ទះកូនខ្ទមចំនួន២ខ្នងនេះត្រឹមតែ២១នាទីប៉ុណ្ណោះគឺអណ្តាតភ្លើងបានលេបត្របាក់ក្លាយទៅជាកម្ទេចផេះភ្លាមសូម្បីប្រជាពលរដ្ឋជួយដងទឹកយកទៅពន្លត់ភ្លើងយ៉ាងណាក៍មិនរលត់ដែរ។រីឯរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារព្រមទាំងកំលាំងសមត្ថកិច្ចនគរបាលនិងប៉េអឹមស្រុកត្បែងមានជ័យប្រឹងអស់សមត្ថភាពយ៉ាងណាក៍ជួយមិនទាន់ដែរ។ទ្បានទឹកបានត្រឹមជួយបាញ់ពន្លត់រងើកភ្លើងប៉ុណ្ណោះ។
ប្រជាពលរដ្ឋនិយាយថាម្ចាស់ផ្ទះឈ្មោះភ្លុកភេទប្រុសអាយុប្រមាណ៣២ឆ្នាំមុខរបរកសិករនិងប្រពន្ធជាប់រវល់នាំគ្នាបើកគោយន្តទៅដឹកទឹកឆ្ងាយពីផ្ទះខណះអគ្គិភ័យកំពុងចាប់ផ្តើមឆេះរាលដាល។នៅពេលមកដល់ឃើញផ្ទះរបស់ខ្លួនក្លាយជាកម្ទេចផេះដូច្នេះក៍២នាក់ប្តីប្រពន្ធនាំគ្នាស្រែទ្រហោយំតែម្តងដោយស្តាយស្រណោះភ្លើងឆេះផ្ទះនិងសម្ភារះអស់រលីង។
លោកអ៊ុនចាន់ដាអភិបាលរងខេត្តព្រះវិហារបានថ្លែងប្រាប់អ្នកសារព័ត៌មានថាគាត់មានការសោកស្តាយផងដែរចំពោះអគ្គិភ័យខាងលើនេះហើយលោកនឹងចាត់ចែងយកអំណោយកាកបាទក្រហមខេត្តទៅជួយគ្រួសាររងគ្រោះភ្លើងឆេះផ្ទះដែលកំពុងជួបការលំបាក។
ទីតាំងខាងលើមិនមានអណ្តូងស្នប់ប្រើប្រាស់នោះទេដោយសារទីនោះបុកអណ្តូងស្នប់មិនកើតសង្ស័យគ្មានប្រភពទឹកនៅក្រោមដីហើយមានស្រះទឹកសមូហភាពមួយដែរប៉ុន្តែរាក់មានទឹកល្អក់ប្រើមិនកើតគឺស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះវេទនាខ្លាំងណាស់ហើយគ្រួសារពលរដ្ឋប្រមាណ៩០ភាគរយមានជីវភាពក្រីក្រមែនទែន។អាជ្ញាធរគួរផ្តល់ជំនួយមនុស្សធម៌សង់កូនខ្ទមថ្មី១ខ្នងអោយពលរដ្ឋឈ្មោះភ្លុកនេះផងព្រោះគ្រួសាររបស់គាត់មានជីវភាពក្រីក្រជាក់ស្ដែង៕



































