មណ្ឌលគិរី៖នៅព្រឹកថ្ងៃទី២៩ខែកុម្ភៈនេះ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារសាលប្រជុំរបស់ស្នងការរដ្ឋានខេត្តមណ្ឌលគិរី (កម្ពុជា) ដែលជាអំណោយរបស់ស្នងការរដ្ឋាននគរបាលខេត្តដាក់ឡាក់(វៀតណាម) ។ ពីធីប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ហ្វាម ហ៊ូញ៉ាត ស្នងការរងនគរបាលខេត្តដាក់ឡាក់ ព្រមទាំងប្រតិភូអមដំណើរ និងមានការអញ្ជើញពី លោក លោកស្រីស្នងការរង និងមន្ត្រីនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាច្រើននាក់ផងដែរ។
នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការរដ្ឋាននគរបាលខេត្តបានប្រសាសន៍ឲ្យដឹងថា អាគារដែលបានរៀបចំពិធីបញ្ចុះបឋមសិលាដែលជាអំណោយឧបត្ថម្ភនូវថវិកាចំនួន៤ម៉ឺន៣ពាន់ដុល្លាអាមេរិច របស់ស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់នាពេលនេះមានទំហំទទឹងប្រវែង១១,៧០ម៉ែត្រនឹងបណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៤ម៉ែត្រ ធ្វើអំពីថ្មប្រក់ស័ង្កសីភ្លីក្បឿង បន្ទាប់មកស្នងការរងខេត្តដាក់ឡាក់ ក៏បានឧបត្ថម្ភបន្ថែមនូវដំបូលអាគារការិយាល័យចរាចរ និងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍នៅស័ង្កសីចំនួន ៥៦៤ ម៉ែត្រការ៉េផងដែរ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការរដ្ឋាននគរបាលខេត្ត បានថ្លែងអំណគុណដល់ស្នងការរដ្ឋាននគរបាលខេត្តដាក់ឡាក់ ដែលបានផ្តល់អំណោយឧបត្ថម្ភដល់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ៕ដោយប៊ូស្រា



































