( រូបភាពវីដេអូ ) តាមប្រភពព័ត៌មាន South China Moring Post របស់កុងហុង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៤ នេះ អាជ្ញាធរក្រុងប៉េកាំង និងហុងកុង បានចេញការព្រមាន មិនឲ្យប្រជាជនចិនទាំងអស់ធ្វើ ដំណើរ ទៅប្រទេសវៀតណាម បន្ទាប់ពីក្រុមអ្នកតវ៉ា ការខួងប្រេង នៅក្នុងដែនទឹកមានជម្លោះ និងបំផ្លិច បំផ្លាញរោងចក្រចិន ជាច្រើននៅខេត្ត Binh Duong ក្នុងប្រទេសវៀតណាម ។
រដ្ឋាភិបាលក្រុងហុងកុង បានចេញការព្រមាន ដល់ប្រជាជនរបស់ខ្លួនទាំងអស់ មិនអនុញ្ញាតឲ្យធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីក្រុមអ្នកតវ៉ា ដែលបានកម្ទេចបំផ្លាញសម្ភារៈរោងចក្រនៅក្នុងខេត្ត Binh Duong យ៉ាងហោចណាស់ ១៥ រោងចក្រ និងរោងចក្របារីមួយកន្លែងទៀត ត្រូវបានឆាបឆេះយ៉ាង សន្ធោរសន្ធៅ ។ ក្រុមការតវ៉ាដ៏ធំ ដោយកម្មករ កាលពីថ្ងៃអង្គារ ប្រឆាំងប្រទេសចិន ក្នុងការចង់ក្តាប់ប្រេង នៅក្នុងដែនទឹក ដែលមានជម្លោះនៅជុំវិញកោះ Paracel ក្នុងសមុទ្រចិនខាងត្បូង ។
លោក Serena Liu ជាប្រធាន នៃសភាពាណិជ្ជកម្មតៃវ៉ាន់ ប្រចាំប្រទេសវៀតណាមបាននិយាយថា ក្រុម អ្នកតវ៉ាទាំងនេះ ជាមនុស្សដែលមិនមានការភ័យខ្លាច ចំពោះសេចក្តីស្លាប់ឡើយ។ ពួកគេមួយចំនួនបាន ព្យាយាមហែរក្បួនចេញពីខេត្ត Binh Duong ទោះបីអាជ្ញាធរព្យាយាមដាក់របាំងបិទផ្លូវក៏ដោយ ។ បើយោងតាម Bor-show លោក Chen ជាប្រធានការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅទីក្រុងហូជី មិញបាននិយាយថា ប្រជាជនចិន តៃវ៉ាន់ជាង ២០០ នាក់បានចូលទីជ្រកនៅសណ្ឋាគារ Mira ក្នុងខេត្ត Thu Dau Mot ៕
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន ដុង នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែឧសភា នេះ បានបញ្ជាឲ្យក្រសួងសន្តិសុខសាធារណៈ រក្សាសុខ សុវត្ថិភាពឲ្យបានជា ដាច់ខាតសម្រាប់ជីវិតមនុស្ស និង ទ្រព្យសម្បត្តិ ក៏ដូចជាក្រុមហ៊ុនទាំងអស់ ជាពិសេស ក្រុមហ៊ុនបរទេស ឲ្យនៅតែរក្សាសង្វាក់ផលិកម្ម ដោយរលូនជានិច្ចក្នុងទឹកដីវៀតណាម។ យោងតាមគេហទំព័រផ្ទាល់ របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី បានជំរុញជាឯកច្ឆន្ទ និងវិធានការសកម្មដែលនឹងត្រូវបានអនុវត្ត ដើម្បី ការពារគ្រប់សកម្មភាពខុសច្បាប់ និងរឹតបន្ដឹងយ៉ាងខ្លាំង ដើម្បីដោះស្រាយចំពោះអ្នក ដែលបានបង្ក ឱ្យមានកុប្បកម្ម។
នេះជាបញ្ហាដែលបានអំពាវនាវ ទៅកាន់ប្រជាជនក្នុងស្រុក កុំឲ្យធ្វើនូវសកម្មភាពខុសច្បាប់បែបនេះ ដើម្បីធានាឲ្យបាននូវសន្ដិសុខ និងរក្សាឲ្យបាននូវការអភិវឌ្ឍ សេដ្ឋកិច្ច។ លោក ដុង បានអំពាវនាវដល់ ភ្នាក់ដែលពាក់ព័ន្ធទាំងអស់ ឲ្យគាំទ្រភ្លាមៗដល់បណ្ដាក្រុមហ៊ុន ក្នុងការវិលត្រឡប់ទៅកាន់សកម្មភាព ផលិតធម្មតាវិញ និងរក្សាបេសកកម្មការទូត និងអ្នកវិនិយោគ បរទេសផងដែរ។
ប្រទេសវៀតណាម កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតលក្ខខណ្ឌ ដែលពេញចិត្ត និងធានានូវ សុវត្ថិភាព សម្រាប់ប្រជាជន សហគ្រាស និងអង្គការអន្ដរជាតិក្នុងប្រទេស វៀតណាម ដោយ អនុលោមតាមច្បាប់ របស់ប្រទេសខ្លួន និងការប្ដេជ្ញាជាអន្ដរជាតិរបស់ប្រទេសនេះ។ ប្រទេសវៀតណាមកាលពីថ្ងៃទី០៩ ខែឧសភា ក៏បានជំរុញឲ្យចិនក្នុងការគោរព អធិបតេយ្យភាពវៀតណាម និងយុត្តាធិការនៅកោះ ស៊ីសា ក្នុងសមុទ្រចិនខាងត្បូង និងបញ្ឈប់ នូវរាល់សកម្មភាពបង្កហេតុ៕