ខេត្តសៀមរាប ការដ្ឋានសាងសង់អគារសិក្សាអនុវិទ្យាល័យវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុនស្ថិតក្នុងភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន សង្កាត់សៀមរាបក្រុង ខេត្តសៀមរាប ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៦នេះក្រោមអធិបតីភាពលោកប៊ុន ថាប្ញទ្ធិអភិបាលរងនៃគណៈអភិបាលខេត្ត និង លោកយ៉ាង ជិនហាសមាជិកក្រុមប្រឹក្សាក្រុងនិងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងផែនការក្រុមប្រឹក្សាក្រុងស៊ូវុន នៃសាធារណ រដ្ឋកូរ៉េដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង សង្កាត់ តំណាងអង្គការដៃគូលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ ។
តាមការបញ្ជាក់របស់លោករ៉ូ ម៉ាន់ហូរប្រធានមណ្ឌលសហប្រតិបត្តិការអន្តរជាតិក្រុងស៊ូវ៉ុនអំពីគម្រោង ផែនការសាងសង់អគារសិក្សាអនុវិទ្យាល័យ វិទ្យាល័យភ្នំក្រោមស៊ូវ៉ុននៅលើផ្ទៃដីសរុប៦ពាន់៧០៨ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីសាងសង់អគារមាន១ពាន់៦០០ម៉ែត្រក្រឡាដែលជាអគារពហុប្រយោជន៍ មានបណ្ណាល័យបន្ទប់ពិសោធន៍និងបន្ទប់បម្រើផលប្រយោជន៍នានាទៀតផង។ គម្រោងនេះត្រូវបានរៀបចំដោយអង្គការឡូតធឺសវើលដោយសហប្រតិបត្តិការជាមួយសមាគមហែភីខាំ អ្នកផ្តល់ជំនួយ ដើម្បីកម្ពុជារីករាយ ។
មានប្រសាសន៍នោះដែរលោកយ៉ាង ជិនហាក៏បានលើកផងដែរថា អគារអនុវិទ្យាល័យ . វិទ្យាល័យ ភ្នំក្រោមស៊ូវ៉ុននេះបានផ្តល់នូវសារៈសំខាន់សម្រាប់សិស្សានុសិស្សនៅភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុនដែលគ្មានលទ្ធភាពទៅសិក្សានៅក្រុងសៀមរាប ហើយក៏ជាថ្នាលបណ្តុះនូវធនធានមនុស្សនៅក្នុងមូលដ្ឋានដែលធ្វើឲ្យកូនចៅបងប្អូនប្រជាពលរដ្ឋ មាននូវចំណេះដឹងក្នុងការចូលរួមអភិវឌ្ឍន៍ភូមិរបស់ខ្លួន ។ លោកក៏បានលើកផងដែរ អំពីសកម្មភាពរបស់ក្រុមការ ក្នុងកិច្ចរៀបចំទីតាំងសាងសង់អគារសិក្សានេះក្រោមកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តក្រុងសង្កាត់ ទើបធ្វើឲ្យមានការបើកការដ្ឋានសាងសង់នាពេលនេះ។គម្រោងជំហានទី៣របស់ទីក្រុងស៊ូវ៉ុននេះក្នុង ដំណាក់កាលទី១ធ្វើការសាងសង់អគារ១ខ្នងមាន០៦បន្ទប់និងបន្ទប់ទឹក ដែលនឹងចាប់ដំណើរការសាងសង់នៅដើមខែ មេសា ឆ្នាំ២០១៦នេះ និង បន្តធ្វើទៅតាមគម្រោងជាបន្តបន្ទាប់ ដោយកំណត់អគារអនុវិទ្យាល័យ០១ខ្នង និង វិទ្យាល័យ ០១ខ្នង បន្ទប់បណ្ណាល័យ និង បន្ទប់ពិសោធន៍ នៅលើផ្ទៃដីសរុប១ពាន់៦០០ម៉ែត្រក្រឡា នៅលើ ទីតាំងប្រកបដោយបរិស្ថានល្អបរិសុទ្ធទៀតផង ។
មានប្រសាសន៍បើកការដ្ឋាននោះក្នុងនាមលោកបណ្ឌិតឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តលោកប៊ុនថាប្ញទ្ធិបានគូសបញ្ជាក់ថា គម្រោងសាងសង់អគារសិក្សាអនុវិទ្យាល័យវិទ្យាល័យភ្នំក្រោមស៊ូវ៉ុននេះនឹង សាងសង់រួចរាល់នៅចុងឆ្នាំ២០១៦ក្រោមជំនួយរបស់រដ្ឋបាល និង ប្រជាជនទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ។ក្នុងនោះដែរឯកឧត្តម ក៏បានសម្តែងនូវអំណរគុណ និង កោតសរសើរ ចំពោះទឹកចិត្តដ៏សប្បុរសនិង ការប្រឹងប្រែង របស់រដ្ឋបាល និង ប្រជាជនក្រុងស៊ូវ៉ុន សមាគម ហែភីខាំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ កែលម្អជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនភូមិភ្នំក្រោម និងលើកស្ទួយដល់វិស័យអប់រំទៀតផង ។ លោកប៊ុនថាប្ញទ្ធិក៏បានលើកផងដែរថាឆ្លងតាមជំហាននិមួយៗ នៃគម្រោងទាំងបីក្នុងការស្តារនិងអភិវឌ្ឍន៍ភូមិភ្នំក្រោមឲ្យក្លាយជាភូមិគំរូមួយ ក្នុងចំណោមភូមិទាំងឡាយរបស់ខេត្តសៀមរាប តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិង អរូបវ័ន្ត សំដៅលើកកម្ពស់គុណភាពសមត្ថភាពដល់អ្នកភូមិភ្នំក្រោម រួមទាំងប្រជាពលរដ្ឋនៅតំបន់ភ្នំក្រោមដោយបានផ្តល់នូវកាលានុវត្តភាព ទទួលបាននូវចំណេះដឹង បទពិសោធន៍ ជំនាញវិជ្ជាជីវៈក្នុងការប្រកបរបរប្រចាំថ្ងៃ និង ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។ ឯកឧត្តមក៏បានធ្វើការអំពាវ នាវ ឲ្យប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវខិតខំឲ្យអស់លទ្ធភាព ទាំងកម្លាំងកាយចិត្ត និងសម្ភារៈ ផ្ទាល់ខ្លួនក្នុងគោលការណ៍ ( សាលាផ្សាភ្ជាប់សង្គមការអប់រំផ្សាភ្ជាប់ពលកម្មផលិតទ្រឹស្តីផ្សាភ្ជាប់នឹងការអនុវត្ត)នោះយើងមានលទ្ធភាពរស់នៅដោយខ្លួនយើងធ្វើម្ចាស់លើខ្លួនយើង សម្រេចរាល់អ្វីៗដើម្បីខ្លួនយើងទៅអនាគត ។ លោកប៊ុន ថាប្ញទ្ធិក៏បានធ្វើការផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ក្រោយ ពេលសាងសង់អគារសិក្សាអនុវិទ្យាល័យវិទ្យាល័យ បានដំណើរការហើយនោះត្រូបង្កើនការគ្រប់គ្រងឲ្យបានល្អនិងត្រូវយកចិត្តទុកដាក់ ធ្វើការកែប្រែទិដ្ឋភាពសាលា ឲ្យមានសោភណ្ឌភាពល្អស្អាតក្នុងការទាក់ទាញនូវភ្ញៀវចូលមកទស្សនាកម្សាន្ត ដោយភូមិភ្នំក្រោមជាតំបន់ទេសចរណ៍ធម្មជាតិសម្បូរទៅដោយជីវៈចម្រុះនៅបឹងទន្លេសាបទៀតផង៕



































