ខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ២០១៦លោកប៊ុន ថាប្ញទ្ធិអភិបាលរងនៃគណៈអភិបាលខេត្ត បានជួបទទួលស្វាគមន៍ប្រតិភូក្រុងស៊ូវ៉ុននៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោកយ៉ាង ជិនហាសមាជិកក្រុមប្រឹក្សាក្រុង និង ជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ច និងផែនការក្រុប្រឹក្សាក្រុងស៊ូវ៉ុន ដែលជា ក្រុងសម្ព័ន្ធមេត្រីភាពនឹងខេត្តសៀមរាបរួមនឹងសហការីនៅរដ្ឋបាលសាលាខេត្តសៀមរាបក្នុងការពិភាក្សា លើគម្រោងអភិវឌ្ឍន៍ភូមិមិត្តភាព ភ្នំក្រោម ស៊ូវ៉ុន ជំហានទី៣ ។
មានប្រសាសន៍នោះក្នុងនាមលោកបណ្ឌិតឃឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តលោកប៊ុន ថាប្ញទ្ធិក៏គូសបញ្ជាក់ថាខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន បានធ្វើការចុះអនុស្សរណៈ យោគយល់ និង កិច្ចសហប្រតិបត្តិការជាមួយគ្នាចាប់ពីឆ្នាំ២០០៤ហើយធ្វើឲ្យទទួលបាននូវលទ្ធផលល្អ រវាងរដ្ឋបាលខេត្តសៀមរាបនិង រដ្ឋបាលក្រុងស៊ូវ៉ុន ដែលកើតចេញពីរយៈគម្រោងចំនួន៣ក្នុងគោលបំណង ស្តារ និង អភិវឌ្ឍន៍ភូមិភ្នំក្រោមឲ្យក្លាយជាភូមិគំរូមួយក្នុង ខេត្តសៀមរាបតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង អរូបវ័ន្តក្នុងការលើកកម្ពស់គុណភាព សមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ដោយផ្តល់នូវកាលានុវត្តភាពនូវចំណេះដឹង បទពិសោធន៍វិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោកប៊ុន ថាប្ញទ្ធិបានបន្តទៀតថាក្រៅពីសកម្មភាពបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍ក៏មានសកម្មភាព មនុស្សធម៌របស់បងប្អូនប្រជាជនកូរ៉េសំខាន់ប្រជាជនទីក្រុងស៊ូវ៉ុនដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលខេត្តសៀមរាប ។ក្នុងនោះដែរឆ្លងតាមគម្រោងទាំងពីរជំហាន បានធ្វើការកែលម្អបរិស្ថានជីវិតរបស់ប្រជាជនក្នុងតំបន់ភ្នំក្រោមតាមរយៈការផ្តល់នៅសម្ភារៈសិក្សា សម្ភារៈសំណង់លំនៅដ្ឋានទូកកាណូតពូជសត្វស្បៀងអាហារថ្នាំសង្កូវ និងទុនវិនិយោគខ្នាតតូចផងដែរ។ក្នុងនោះដែរលោកក៏បានគាំទ្រចំពោះបេសកកម្មប្រកបដោយអត្ថន័យ ជាប្រវត្តិសាស្ត្ររបស់ទីក្រុងស៊ូវ៉ុនដែលកាយវិការនៃការរឹតចំណងមិត្តភាពសាមគ្គីភាពនិង ការពង្រឹងកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តក្រុងនិងប្រជាពលរដ្ឋខេត្តក្រុងទាំងពីរ កាន់តែមានភាពរឹងមាំទ្វេឡើងនិង សូមឲ្យវប្បធម៌ដ៏ប្រពៃនេះបន្តកើតមានក្នុងការទំនាក់ទំនងមិត្តភាពរវាងសៀមរាប ស៊ូវ៉ុន ជាអមតៈផងដែរ ។
លោកយ៉ាង ជិនហាបានមានប្រសាសន៍លើកឡើងថាការបង្កើតឲ្យមានអនុវិទ្យាភូមិមិត្តភាពភ្នំក្រោមស៊ូវ៉ុន ក្រោមការចូលរួមរបស់សមាកមហែបភីខាំក្នុងគម្រោងជំហានទី៣ របស់ទីក្រុងស៊ូវ៉ុនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើកាបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន សំខាន់ភូមិមិត្តភាពភ្នំក្រោមស៊ូវ៉ុនក្នុងការប្រែក្លាយឲ្យតំបន់ដ៏សំខាន់មួយនេះមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ។លោកក៏បានបន្តទៀតថា វិស័យអប់រំគឺជាកត្តាដ៏សំខាន់ក្នុងការកសាងនូវធនធានមនុស្សហើយក្នុងគម្រោងជំហានទី៣នេះ ដែលទីក្រុងស៊ូវ៉ុនត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមក្រុងសម្ព័ន្ធមេត្រីភាព ហើយក៏ធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរខេត្តក្រុងទាំងពីរកាន់ តែធ្វើឲ្យចំណងមិត្តភាពស្អិតរមួតនឹងគ្នាព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនភូមិភ្នំក្រោមកាន់តែមានភាពប្រសើរឡើងតាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ជំហានទី៣ឆ្នាំ២០១៦និង២០១៨ ឲ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុកផងដែរ៕



































