កំពង់ធំ ៖ នេះជាលើកទីមួយហើយ ដែលកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយសមត្ថកិច្ចស្រុកប្រាសាទបល្ល័ង្កចុះចាប់គ្រឿងចក្រ នឹងឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ខណៈដែលពួកគេបានធ្វើសកម្មភាពឈូសឆាយកាយប្រឡាយដីព្រៃសហគមន៏ កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៤ ស្ថិតនៅត្រង់ចំនុចព្រំប្រទល់ឃុំទួលគ្រើលនឹងឃុំផាន់ញ៉ើម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ប្រភពពត៌មានបានបង្ហើបឲ្យដឹងថា ដោយឡែកកន្លងមក នៅតាមបណ្តាសហគមន៍ មួយចំនួនមានការឃុបឃិតគ្នា រវាងសហគមន៍ព្រៃឈឈើនិងឈ្មួញឈើ បណ្តែតបណ្តោយឲ្យមានការ ឈូសឆាយព្រៃឈើ ព្រៃលិចទឹក កាប់រុករាន្ទដីធ្លី ដែលជាកម្មសិទ្ធរបស់រដ្ឋ ដោយមិន មានការខ្លាចញញើតពីច្បាប់នោះឡើយ ទើប តែពេលនេះ គឺជាសហគមន៍គំរូ ដែលមានឆន្ទះបង្ក្រាប ចាប់ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។
លោក ស្រាំង រឿន តំណាងឲ្យសហគមន៏ព្រៃឈើយក្សសើម នឹងលោក ម៉ៃ មតជាមេភូមិ បានប្រាប់សារពត៌មានថា ករណីដែលជនសង្ស័យ បានធ្វើសកម្មភាពរំលោភឆ្លងដែនឈួសឆាយ កាយប្រឡាយដីព្រៃ សហគមន៏ខាងលើនេះ គឺជាក្រុមហ៊ុនជាចំណាន ហើយតំណាងក្រុមខាងលើនេះបានធ្វើសកម្មភាពឈួសឆាយចាប់ពីថ្ងៃទី១៤នឹង១៥ខែឧសភាឆ្នាំ២០១៤ នៅក្នុងពេលថ្មីៗនេះ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាជនសង្ស័យទី១ឈ្មោះអៀន រឹត ភេទស្រីអាយុ៥៣ឆ្នាំរស់នៅភូមិបាគង ឃុំត្បែង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាម្ចាស់គ្រឿងចក្រ បានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រោះគាំងបេះដូង នឹងម្នាក់ទៀតឈ្មោះអ៊ុល ទូច ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមេការរបស់ក្រុមហ៊ុនជាចំណាន។
ទាក់ទិននឹងករណីខាងលើនេះ លោកអ៊ុល ទូចជាតំណាងក្រុមហ៊ុនជាចំណាន បានឆ្លើយថា ខ្លួនគាត់គ្រាន់តែជាអ្នកមើលដីអោយក្រុមហ៊ុននោះទេ មិនមែនជាមេការធំឡើយ ហើយស្ត្រីវ័យចំណាស់ជាម្ចាស់គ្រឿងចក្រអាអ៊ិច នោះបានជួលឲ្យទៅធ្វើកម្មករស៊ីឈ្នួលគេទេ ។ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន រងចាំក្រុមហ៊ុនចូលទៅដោះស្រាយ ចំនែកវត្ថុតាងគ្រឿងចក្រអ៊ិចស្ការ២ គ្រឿងនឹងរថយន្តដឹក១គ្រឿងបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការទៅតាមច្បាប់។