ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ដែលទំនងជាស្រវឹងស្រាបានបានបើករថយន្តឡិចសុីសRX300 ជ្រុលទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១១ផ្ទាំង ។កាលពីវេលាម៉ោង១០នឹង១០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្តុបអូរឬស្សី តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារអូរឬស្សីទី២ ខណ្ឌ៧មករា ហើយអ្នកបើករថយន្តបង្កបានព្យាយាមបើកគេចខ្លួននិងដូរកង់រថយន្តដែលបែកបំណងគេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់បានទាំងម្ចាស់និងរថយន្ត។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចសុីសRX300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-7862 បើកដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់
ចំនួន១១ផ្ទាំង។ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបង្កហេតុរួចបុរសជនជាតិចិនដែលបើករថយន្តបង្កបានព្យាយាមបើករត់ទាំងបែកកង់ និងឈប់ដូរកង់រថយន្ត នៅតាមបណ្តោយផ្លូវលេខ១៨២ ខាងត្បូងផ្សារអូរឬស្សី តែត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយមកសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយៈជីម ភារ៉ា




































