សៀមរាបៈ មានការភ្ញាក់ផ្អើលពីសំណាក់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងស្រុកជីក្រែង បាននាំគ្នាសំរុកដាក់ សម្រាស់រាប់ពាន់កន្លែងក្នុងបឹងទន្លេសាប បានកក្រើកសារជាថ្មី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ទប់ស្កាត់ការដាក់សម្រាស់ និងរបាំងសាច់មោង តែមកដល់ពេលនេះ បានកំរើកសារជាថ្មី ក្នុងទឹកដីឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណរ ក្រោមការគ្រប់គ្រងរបស់ នាយផ្នែករដ្ឋបាលជលផលដំដែក។
ជាក់ស្តែងនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០១៦ ទិដ្ឋភាពការកាប់បំផ្លាញព្រៃលិចទឹក យកមកធ្វើសម្រាស់ដាក់ក្នុងបឹងទន្លេសាប បានធ្វើសកម្មភាពអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពី សមត្ថកិច្ចរដ្ឋបាលជលផល ឬស្ថាប័នអភិរក្សជលផលផ្នែកណាមួយធ្វើការបង្ក្រាប និងទប់ស្កាត់ទាល់តែសោះ ក្នុង១ថ្ងៃៗ ប្រជានេសាទកាប់ព្រៃលិចទឹកដាក់តាមកាណូតគគ្រឹកគគ្រេងដូចហែរកឋិនចេញតាមព្រែកព្រេជគ្រៃ ព្រែកមាត់ខ្លា ព្រែកកំពង់ឃ្លាំងមិនតិចជាង៥០កាណូតនោះឡើយ សម្រាស់ឈើស្រស់នៅក្នុងបឹងទន្លេសាប ខណៈនេះ គេសង្កេតឃើញរាប់ពាន់សម្រាស់ តែបែរជា ពុំទាន់ឃើញមានជំនាញរដ្ឋបាលជលផលឬជំនាញមន្ត្រីក្រសួងបរិស្ថានធ្វើការទប់ស្កាត់និងបង្ក្រាបនោះឡើយ។
ទាក់ទងបញ្ហាទាំងបញ្ហានេះ លោក ស៊ិន គក់ ប្រធានស្នាក់ការបរិស្ថានស្ទឹងជ្រៅ តំបន់ប្រើប្រាស់ច្រើនយ៉ាង បានឲ្យដឹងថា កន្លងមកនេះលោកបានធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលបានកាប់ព្រៃលិចទឹកយកទៅធ្វើសម្រាស់ ក្នុងបឹងទន្លេសាបបាន១៥ករណី និងធ្វើការបង្ក្រាបបាន១ករណី ហើយលោកកំពុងតែធ្វើកាអប់រំ និងទប់ស្កាត់បន្ត រីឯការបង្ក្រាបវិញរងចាំកម្លាំងគណៈបញ្ជាការឯកភាពស្រុករៀបចំដោយលោកអភិបាលស្រុក។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងនិយាយថា លោកកំពុងតែរៀបចំកម្លាំងប្រត្តិបត្តការបង្ក្រាបអ្នកកាប់ព្រៃលិចទឹកយកទៅធ្វើសម្រាស់ដាក់ក្នុងបឹងទន្លេសាបរយៈពេលពី៥ថ្ងៃទៅ១សប្តាហ៍ បើជនណាមិនរាងចាល់ និងអនុវត្តតាមច្បាប់រដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់ ទូរស័ព្ទមិនអាចធ្វើការទំនាក់ទំនងបានទេ ជុំវិញករណីបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋនាំគ្នាកាប់ព្រៃលិចទឹក យកមកធ្វើជាសម្រាស់ដាក់ត្រីដែលជាអំពើល្មើសច្បាប់ផ្ទួនៗគ្នា ។ ដោយ អ៊ុក ផ្លុង