រាជធានីភ្នំពេញ ៖ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតអសាកល ដែលមានតែក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកបោះឆ្នោត នៅរសៀលថ្ងៃ១៦ ឧសភានេះ គណបក្សសង្គ្រោះជាតិ បានជួបជុំគ្នានៅស្នាក់ការគណបក្សផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីហែក្បួន ដែលដឹកនាំដោយលោក សម រង្សី ហើយមានសមាជិក សមាជិកា ប្រមាណជាង១០០០នាក់ចូលរួមព្រមទាំងម៉ូតូ រុឺម៉ក់ម៉ូតូជាច្រើនគ្រឿងខុសពីការគ្រោងទុកដែលអះអាងថា មានមនុស្សចូលរួមពីរមុឺនចូលរួម ។
ដោយឡែកសមត្ថកិច្ចវិញ បានដាក់កម្លាំង ពង្រាយពង្រឹងសន្តិសុខក្នុងរាជធានីភ្នំពេញយ៉ាងតឹងរឹង ជាពិសេសនៅទីលានប្រជាធិបតេយ្យ និងស្ពាននាគលើកំណាត់មហាវិថីព្រះនរោត្តមត្រូវបានបង្កើនកម្លាំងប្រឆាំងរាប់រយនាក់បន្ថែមទៀតបង្ការខ្លាចមានជនឱកាសនិយម។
លោកស្នងការរងនគរបាលរាជធានីភ្នំពេញមួយរូប ដែលមានភារកិច្ចមើលការដង្ហែក្បួនរបស់គណបក្សប្រឆាំងនាថ្ងៃចុងក្រោយបានឲ្យដឹងថា បើទោះជាមានការសន្យាពីគណបក្សប្រឆាំងថានឹងធានាមិនឲ្យមានអំពើហិង្សាកើតឡើងក្នុងការដង្ហែក្បួនរបស់ខ្លួននាពេលចុងក្រោយនេះក្តី កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់មានសុីវិលនិងឯកសណ្ឋានដាក់ពង្រាយតាមដងផ្លូវ ដែលក្បួនបក្សប្រឆាំងហែនិងឆ្លងកាត់ប្រការខ្លាចក្រែងមានជនខិលខូចបង្កភាពអនាធិបតេយ្យ ។
ជាពិសេសទីតាំងនៅទីលានប្រជាធិបតេយ្យ និងស្ពាននាគខាងត្បូងរមណីយដ្ឋានវត្តភ្នំ ហើយបញ្ហាការកកស្ទះចរាចរណ៍នឹងកើតឡើងនៅចំណុចរង្វង់មូលគល់ស្ពានជ្រោយចង្វានិងស្ទះចរាចរណ៍នៅចំណុចមុខស្ថានីយរថភ្លើង ខណៈពេលសមាជិកគណបក្សសង្គ្រោះជាតិធ្វើការរំសាយ ដូច្នេះកម្លាំងសមត្ថកិច្ចដាក់ពង្រាយដើម្បីសំរួលការងារនេះឲ្យបានរលូនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជៀសវាងបាតុភាពផ្សេងៗកើតឡើង៕