ខេត្តព្រះវិហារ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតទ្បើងបណ្តាលអោយមនុស្សម្នាក់រងបួសធ្ងន់ក្នុងឧប្បត្តិហេតុរថយន្តកាមរីស្វិត១គ្រឿងបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូ១គ្រឿងពេញទំហឹងដែលកំពុងធ្វើដំណើរនៅស្តាំដៃរបស់ខ្លួនតាមដងផ្លូវជាតិលេខ៦២។ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០២មិនា២០១៦ស្ថិតនៅភូមិថ្នល់កែងឃុំរុងរឿងស្រុករវៀងរីឯម៉ូតូរងគ្រោះខូចខាតធ្ងន់ធ្ងរ។សេចក្ដីរាយការណ៍បានអោយដឹងថាតៃកុងរថយន្តបង្កជាអ្នកសារព័ត៌មាននៅខេត្តកំពង់ធំបានបើករត់គេចខ្លួនបន្ទាប់ពីបុកជនរងគ្រោះអោយរងបួសធ្ងន់ប៉ុន្តែត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុករវៀងតាមចាប់ឃាត់រថយន្តនោះបានវិញដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់។ជនរងគ្រោះរបួសបាក់ភ្លៅខាងស្តាំនិងរងរបួសលើដងខ្លួន និងផ្នែកក្បាលជាច្រើនកន្លែងទៀតរហូតដល់សន្លប់ឈឹងតែម្តង។
លោកសាយដេតអធិការនគរបាលស្រុករវៀងបានអោយដឹងនៅព្រឹកថ្ងៃទី០៣មិនាថាគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កទ្បើងដោយភាគីរថយន្តបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅ១គ្រឿងបណ្តាលអោយអ្នកជិះម៉ូតូដួលរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ។សមត្ថកិច្ចមិនដឹងពីអត្តសញ្ញាណជនរងគ្រោះនោះទេដោយសារភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកអធិការនគរបាលបានបញ្ជាក់ថាតៃកុងរថយន្តបង្កជាអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ធំនិងខេត្តព្រះវិហារបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បានបើករត់គេចខ្លួនប៉ុន្តែត្រូវកំលាំងសមត្ថកិច្ចនគរបាលដេញចាប់ឃាត់រថយន្តមកវិញ។ស្លាកលេខរថយន្តត្រូវបានជនបង្កកាច់លាក់ទុកហើយរត់គេចខ្លួនបាត់ទោះបីយ៉ាងណាសមត្ថកិច្ចស្គាល់អត្តសញ្ញាណនិងអាសយដ្ឋានរស់នៅរបស់ជនបង្ករួចហើយតាមរយះនាមប័ណ្ណនៅក្នុងរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍។
លោកអធិការនគរបាលស្រុករវៀងតម្រូវអោយតៃកុងរថយន្តខាងលើចូលខ្លួនមកដោះស្រាយជាមួយភាគីជនរងគ្រោះទៅតាមផ្លូវច្បាប់ដែលរថយន្តបង្កត្រូវបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករវៀង៕



































