ខេត្តសៀមរាប ៖ អធិការនគរបាលស្រុកស្វាយលើ ត្រូវបានថ្នាក់លើដកបញ្ឈរជើង បន្ទាប់ពីបានលេចធ្លាយនូវរឿងអាស្រូវមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងដាក់ប៉ុស្ត៏ជជុះចាំប្រមូលប្រាក់ពីក្រុមឈ្មួញដឹកឈើ។ ប្រភពពីមន្ត្រីនគរបាលមួយរូបបានបង្ហើ បថា ការដកបញ្ឈរជើងលោកអធិការខាងលើបានធ្វើឡើងរយៈពេល៣ ថ្ងៃមកហើយ ដោយប្រគល់ភារកិច្ចទៅឲ្យអធិការរងម្នាក់ជាអ្នកគ្រប់គ្រងជំនួស (ស្តីទី )។
ស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ ទោ សត ណាឌី បានមានប្រសាសន៏ឱ្យអ្នកកាសែតដឹង នៅរសៀលថ្ងៃទី១៦ ឧសភានេះថា ការដកលោក វ៉ន គា មកកាន់ស្នងការដ្ឋានហ្នឹង គឺដើម្បីឲ្យគាត់បំពេញតារាងត្រួតពិនិត្យ ជុំវិញភាពមិនប្រក្រតីមួយចំនួន ក៏ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីមូលហេតុទេ ដោយសំអាងថាវាជាផ្ទៃក្នុងរបស់មន្ត្រីកងកម្លាំង។
ចំណែកលោកវរសេនីយ៍ទោ ស៊ុន ចំណាន នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជា ក់ប្រហាក់ប្រហែលគ្នាថា លោកស្នងការបានបង្គាប់ឲ្យលោកវ៉ន គា ចូលខ្លួនបំភ្លឺតាំងពីប៉ុន្មានថ្ងៃមុនមកម្លេះ តែដោយសាតែចំថ្ងៃសំរាកបុណ្យជាតិ ទើបនិតិវិធីជជីកសួរត្រូវបានអូសបន្លាយរហូតដល់ថ្ងៃចន្ទ័ក្រោយ។
យោងតាមប្រភពពីមន្ត្រីកងកម្លាំងមួយរូបដែលមិនឲ្យបញ្ចេញឈ្មោះ បានបង្ហើបថា ការដកបញ្ឈរជើង លោកវរសេនីយ៍ត្រី វ៉ន គា អធិការនគរបាលស្រុកស្វាយលើ បន្ទាប់ពីបានលេចធ្លាយនូវរឿងមិនប្រក្រតីមួយចំនួន ដែលនាំឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ប្រព្រឹត្តដោយអធិការរូបនេះ គឺករណីដាក់កុងត្រូលជជុះនិងរកស៊ីឈើ។ មន្ត្រីដដែលបង្ហើបបន្ថែមថា លោក វ៉ន គា បានប្រើប្រាស់តួនាទីជាមន្ត្រីនគរបាលយុត្តិធម៌របស់គាត់ទៅគៀប សង្កត់ប្រជាពលរដ្ឋដឹកឈើ តាមរយៈប៉ុស្ត៏ជជុះ ដូចជានៅក្នុងភូមិសាស្ត្រឃុំពពេល និងនៅមុខអធិការដ្ឋាននគរបាលជាដើម។
ក្រៅពីនោះគាត់ក៏ប្រែក្លាយតួទីរបស់គាត់ទៅជាឈ្មួញរកស៊ី ឈើដ៏មានឥទ្ធិពលមួយរូបដែរ គឺមានសិទ្ធិចាប់ចងតាមអំពើចិត្តចំពោះប្រជាពលរដ្ឋដឹកឈើណា ដែលមិនបានលក់ឈើទៅឲ្យខ្លួន។ តាមសេចក្ដីរាយរណ៍ពីស្រុកស្វាយលើបានឲ្យដឹងថាលោកវ៉នគាអធិការនគរបាលស្រុកស្វាយលើកន្លងទៅគាត់ប្រើប្រាស់អំណាចតួនាទីជានគរបាលមិនឲ្យអ្នកកាសែតណាម្នាក់ចុះយកព័តមាននៅទឹកដីរបស់គាត់ឡើយព្រោះខ្លាចបែករឿងគាត់យកលុយពីបទល្មើសព្រៃឈើ។ក្នុងនោះដែរប្រភពផ្សេងមួយទៀតនិយាយថាលោកនុបសារ៉ាក់អធិកានគរបាលស្រុកវ៉ារិនក៍បានអនុវត្តតួនាទីក្នុងនាមនគរបាលប្រមូលលុយពីបទល្មើសព្រៃឈើដ៍សកម្មផងដែរ។