ខេត្តព្រះវិហារសម្រស់ទឹកជ្រោះព្រះនិមិត្តមានទេសភាពស្រស់ស្អាតគ្រប់រដូវកាលមិនចាញ់ទឹកជ្រោះភ្នំគូលែននៅខេត្តសៀមរាបនោះទេពាក្យនេះផុសចេញពីអារម្មណ៍ពិតៗរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមួយចំនួនដែលធ្លាប់បានទៅទស្សនាគយគន់កម្សាន្តនៅទីនោះ។បើតាមអត្ថន័យទឹកជ្រោះព្រះនិមិត្តមានន័យថាព្រះមានបុណ្យបារមីខ្លាំងពូកែបានជប់ទឹកជ្រោះនោះអោយកើតមានទ្បើងនៅលើភពផែនដី។
ទីតាំងរមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិមិត្តស្ថិតនៅឃុំកំពង់ស្រទ្បៅ២ស្រុកឆែបខេត្តព្រះវិហារមានចំងាយជាង១៤០គីទ្បូម៉ែត្រពីទីរួមខេត្តដែលសព្វថ្ងៃនេះកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរយ៉ាងច្រើនទៅដើរលេងកម្សាន្តទីនោះ។នៅពេលទស្សនាចប់ភ្ញៀវទេសចរទាំងអស់តែងតែដិតដាមជាប់នូវសម្រស់ធម្មជាតិដ៍ល្អមិនអាចបំភ្លេចបានជាពិសេសទឹកទន្លេមេគង្គថ្លាឈ្វេងដែលហូរធ្លាក់តាមជ្រលងជ្រោះបែកផ្សែងនិងត្រជាក់នៅពេលយើងបានមុជទឹកលេងនៅទីនោះ។
ភូមិសាស្ដ្រទឹកជ្រោះព្រះនិមិត្តយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ៩ល្អស្អាតដែលមានសុវត្ថិភាពនិងអំណោយផលល្អ។ត្រូវបានគេដឹងថាស្ថិតនៅជាប់ឃុំព្រះរំកិលស្រុកថាទ្បាបរិវ៉ាត់ខេត្តស្ទឹងត្រែងនិងជាប់ព្រំដែនជាមួយខេត្តហ្វាក់សេប្រទេសទ្បាវត្រង់ចំណុចល្បាក់ខោនទន្លេមេគង្គលើដែលបានខ័ណ្ឌចែកជាពីររវាងកម្ពុជាទ្បាវ។ទឹកជ្រោះព្រះនិមិត្តមានខ្យល់អាកាសល្អបរិសុទ្ធនិងទេសភាពស្រស់បំព្រងគួរអោយគយគន់មិនជិនណាយនិងល្បីតៗគ្នាថាបើបានទៅដើរលេងកំសាន្តដល់ទីនោះប្រាកដជាធ្វើអោយអារម្មណ៍របស់យើងបានធូរស្បើយបាត់អស់នូវក្តីទុក្ខកង្វល់ផ្សេងៗសូម្បីក្នុងសៀវភៅមគ្គុទេសរបស់មន្ទីរទេសចរខេត្តព្រះវិហារក៍បាននិយាយលើកសសើរពីចំណុចនេះដែរ។
ភ្ញៀវទេសចរភាគច្រើនទៅពីខេត្តព្រះវិហារខេត្តស្ទឹងត្រែងនិងតាមបណ្តាខេត្តរាជធានីផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាហើយតែងតែអួតសសើរទឹកជ្រោះព្រះនិមិត្តជារមណីដ្ឋានធម្មជាតិល្អប្រណីតមិនដាច់ពីមាត់។ប្រជាពលរដ្ឋនៅមូលដ្ឋានអោយដឹងថារដូវកាលដែលសំបូរភ្ញៀវទេសចរទៅដើរលេងកំសាន្តច្រើនលើសលប់ជាងគេគឺក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីយខ្មែរតែម្តង។នៅទីនោះក៍មានអ្នកភូមិលក់ម្ហូបអាហារនិងវត្ថុអនុស្សាវរីយ៍ប្លែកៗថែមទៀតប៉ុន្តែមិនទាន់អភិវឌ្ឍន៍មានផ្ទះសំណាក់នៅទ្បើយទេ។
បងប្អូនភ្ញៀវទេសចរទាំងអស់បើបានអញ្ជើញមកដើរលេងកំសាន្តនៅខេត្តព្រះវិហារដែលមានគោលបំណងទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទព្រះវិហារដ៍ល្បីល្បាញចប់រួចរាល់សូមកុំភ្លេចអញ្ជើញទៅដើរលេងកំសាន្តនិងទស្សនាបន្តនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិមិត្តបន្ថែមទៀតដើម្បីទទួលបានភាពសប្បាយរីករាយនិងប្រាកដជាមានសុភមង្គលក្នុងគ្រួសារមិនខានទ្បើយ៕