សូម៉ា៖ តាមគេហទំព័រសារព័ត៌មានបរទេសចិនឆាយណាដេលីចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា អ្នកស្លាប់បានកើនឡើង៣០១នាក់ ខណៈកាលពីថ្ងៃព្រហស្បតិ៍មានចំនួនត្រឹមតែ២៨២នាក់ នៅក្នុងករណីផ្ទុះអណ្ដូងរ៉ែធ្យូងថ្មនៅតួកគី នេះបើតាមលោក Taner Yildiz រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ នៅប្រទេសតួកគីបានឲ្យដឹង នៅថ្ងៃសៅរ៍។
សូមរំឭកថា កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ មានហេតុការណ៍ផ្ទុះ ក្នុងអណ្តូងរ៉ែធ្យូងថ្ម ក្នុងតំបន់ Soma ខេត្ត Manisa ភាគខាងលិចប្រទេសតួកគី ដោយករណីផ្ទុះនោះការបាក់ស្រុត មានជម្រៅរហូតដល់ជិត ១គីឡូម៉ែត្រ។ លោកនាយករដ្ឋមន្ត្រីតួកគី បានចុះទៅដល់កន្លែងអណ្តូងរ៉ែដែលផ្ទុះកាលពីថ្ងៃទី១៤ ឧសភា ខណៈសាច់ញាតិ និងប្រជាពលរដ្ឋតួកគី ប្រមាណ៣០០០នាក់បានធ្វើការតវ៉ា ឲ្យលោកចុះចេញពីតំណែង ហើយក៏ត្រូវទទួលការបង្ក្រាបយ៉ាងចាស់ដៃពីសមត្ថកិច្ចផងដែរ។
លោកថា នេះជាឧបទ្ទវហេតុ។ យោងតាម Chamber of Mining Engineers of Turkey បានឲ្យដឹងថា គ្រោះថ្នាក់ដោយអណ្តូង រ៉ែមាន៨០លើក នាឆ្នាំ២០១២ ដោយបានសម្លាប់មនុស្ស៦១នាក់ និងរបួស៩១នាក់។ តាំងពីឆ្នាំ ១៩៥៥ មក យ៉ាងហោចណាស់មនុស្ស៣ ០៥៣ នាក់ត្រូវបានស្លាប់ និងបណ្តាលឲ្យរងរបួស៣២៦ ២០៨ នាក់ នៅទូទាំងប្រទេស។
បើគិតពីឆ្នាំ១៩៤១មក មនុស្សជាង៣០០០នាក់ ត្រូវបានស្លាប់ និងជាង១០០០០០នាក់ បានទទួលរងរបួសដោយគ្រោះថ្នាក់អណ្តូងរ៉ែនៅតួកគី ដោយនៅឆ្នាំ១៩៩២ ស្លាប់២៦៣នាក់។ នេះបើតាមទីភ្នាក់ងារស្ថិតិតួកគីបានបង្ហាញថ្មីៗនេះ៕