ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៨ផ្ទាំង ត្រូវបានបុរសជនជាតិចិនស្រវឹងស្រាម្នាក់ បើករថយន្តសេរីទំនើបមកបុករះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខផងដែរ តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះបាន
កើតឡើងកាលពីវេលាម៉ោង៩នឹង៥៥នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ខាងត្បូងស្តុបកាណាឌីយ៉ា ប្រមាណ៥០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើប ម៉ាក INFINITY QX56 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-1886 បើកបរដោយបុរសជនជាតិចិនស្រវឹងស្រាជោគជាំ បានបើកតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់ដួលអស់៨ផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ប្រភពបន្តថា បន្ទាប់ពីបង្កហេតុបុរសជនជាតិចិនបានព្យាយាមបើកគេចខ្លួន ប្រមាណ៥០ម៉ែត្រ តែត្រូវបានសមត្ថកិច្ចដេញឃាត់បានផងដែរ ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយករថយន្តព្រមទាំងអ្នកបើករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕ ដោយ៖ជីម ភារ៉ា



































