ខេត្តប៉ៃលិន៖កុមារាម្នាក់របួសជិតដាច់ចង្អុលដៃធ្វេង ត្រួវបានជីតានិងម្តាយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលកុមារារូបនេះ សំរាកពីការសិក្សាទៅជួយកាប់ដំឡូងឪពុកម្តាយនៅចំការ រួចបណ្តាលឲ្យកាំបិតមុតត្រួវចង្អុលដៃធ្វេងជិតដាច់ ។ ហេតុការណ៏ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងចំការនាភូមិអូរខ្ទើង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន , ហើយមានទីលំនៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។កុមារាដែលរងរបួសជិតដាច់ចង្អុលដៃធ្វេងមានឈ្មោះ ធី សុវណ្ណវត្ថានា អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី០៥ នៅសាលាបឋមសិក្សា ហ៊ុន សែន អូរច្រា មានទីលំនៅភូមិរោងចក្រ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសចង្អុលដៃធ្វេងជិតដាច់) ។
តាមសម្តីលោកតា ព្រំ ស៊ីថា អាយុ៦៤ឆ្នាំ ត្រួវជាជីតារបស់កុមារារងគ្រោះ បានឲ្យដឹងថា៖ មុនពេលកើតហេតុចៅរបស់គាត់បានមកលេងរូបគាត់នៅចំការកើតហេតុខាងលើ ព្រោះជាថ្ងៃឈប់សំរាក់ពីការសិក្សា លុះយករបស់របរចេញពីម៉ូតូរួចមក ក៏ទៅជួយកាប់ដំឡូងគាត់ ។ លោកតាបន្តថា៖ នៅពេលកាប់ដំឡូងបានមួយសន្ទុះ ស្រាប់តែចៅគាត់ស្រែកអូយៗ រួចរូបគាត់និងឪពុកម្តាយស្ទុះទៅមើល ក៏ឃើញមានឈាមហូរ រួចគាត់ក៏មើលដៃចៅរបស់គាត់ ស្រាប់តែឃើញចង្អុលដៃធ្វេងចៅជិតដាច់ ក៏មានការភ្ញាក់ផ្អើលឡើង នាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឲ្យក្រុមគ្រូពេទ្យជួយព្យាបាល ព្រមទាំងដេរភ្ជាប់ឡើងវិញ ។ លោកតាបញ្ជាក់ប្រាប់ថា៖ ជារៀងរាល់ថ្ងៃអាទិត្យចៅរបស់គាត់តែងតែ មកលេងរូបគាត់នៅចំការកើតហេតុខាងលើ ហើយក៏ជួយការងារផងដែរ ជាមួយគ្នានេះដែរដៃចៅរបស់គាត់ខាងធ្វេងនេះ ធ្លាប់បាក់ម្តងរួចមកហើយ ។
ប្រភពពីក្រុមលោកគ្រូពេទ្យ ដែលបានព្យាបាលកុមារារងគ្រោះ បានឲ្យដឹងថា៖ កុមារារងគ្រោះមិនមានបញ្ហាអ្វី កើតឡើងនោះទេ តែក្រោយពីដេរស្នាមរបួសរួច គឺមិនត្រួវឲ្យកុមារារងគ្រោះលើករបស់អ្វីដែលធ្ងន់ ព្រោះវាអាចប៉ះពាលដល់ស្នាមរបួស ដូច្នោះសូមមើលថែដោយប្រុងប្រយ័ត្ន លោកគ្រូបញ្ជាក់ថា ប្រសិនបើរយៈពេល៤ទៅ៥ថ្ងៃកន្លែងរបួសអាចភ្ជាប់វិញបាននោះវាមិនអីទេ តែបើតភ្ជាប់មិនបាននោះ និងត្រួវកាត់ចេញ ហើយវានិងពិការចង្អុលដៃធ្វេងរហូត ៕



































