ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់បានយកខ្សែគោមកចងកធ្វើអត្តឃាតខ្លួនបានសម្រេច ដោយសារតែតូចចិត្តនិងខ្លួនមានជម្ងឺប្រចាំកាយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអាទ្រាធ ឈានចូលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ នៅក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលារប្អៀរ។ស្ត្រីឈ្មោះ ឃុន អ៊ុល អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានអោយដឹងថា៖ប្តីរបស់គាត់មានឈ្មោះ ជា សុខុម អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ប្តីរបស់គាត់មានជម្ងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ រាល់ថ្ងៃគាត់តែងតែពោលប្រាប់អ្នកជិតខាងដដែលៗថា គាត់មិនចង់រស់ទេ កុំនាំអោយមានការពិបាកដល់ប្រពន្ធកូនព្រោះតែគាត់មានជម្ងឺប្រចាំកាយចំណាយប្រាក់ព្យាបាលគាត់អស់ច្រើនមកហើយ នៅតែមិនជាតើអោយគាត់រស់នៅយ៉ាងម៉េច ប៉ុន្តែសំដីរបស់គាត់មិនមាននរណាចាប់អារម្ភណ៏នោះទេ។
លុះនៅយប់កើតហេតុ នៅក្នុងភូមិមានកម្មវិធីចាក់ធុងបាស់រាំលេងកំសាន្ត ពេលនោះគាត់ជាជនរងគ្រោះបានដេកនៅលើគ្រែជាធម្មតា ហើយកូនៗក៏បាននាំគ្នាទៅរាំលេងកំសាន្តជាមួយគេនៅក្នុងភូមិ រហូតដល់ម៉ោង១២យប់ទើបត្រឡប់មកផ្ទះវិញ មិនឃើញឪពុកដេកនៅលើគ្រែក៏នាំគ្នាដើរកទាំងយប់ ក៏បានប្រទះឃើញជនរងគ្រោះបានយកខ្សែគោចងកនិងដើមពពេលដែលនៅចម្ងាយ៥០ម៉ែត្រពីផ្ទះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោកនាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានអោយដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកបានអោយមន្ត្រីប៉ុស្តិគោកបន្ទាយចុះទៅពិនិត្យ និងបានធ្វើកំណត់ហេតុទាំងយប់ លុះព្រឹកឡើងមន្ត្រីជំនាញបានចុះទៅធ្វើកោសលវិច្ច័យលើសពជនរងគ្រោះបានបញ្ជាក់ថា៖ ជនរងគ្រោះបានចងកធ្វើអត្តឃាតខ្លួនឯង ពុំមានរឿងឃាតកម្មអ្វីនោះឡើយ ហើយបានប្រគល់សពជនក្រុមគ្រួសារយកទៅចាតចែងធ្វើបុណ្យទានតាមប្រពៃណី៕


































