ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ខែ មីនា ឆ្នាំ២០១៦នេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះឥន្ធកោសីយ៍ ក្រុង ខេត្តសៀមរាបប្រមាណជាង១០០នាក់ បាននិមន្តមកធ្វើការតវ៉ាឲ្យអាជ្ញាធរខេត្ត ជួយរកនូវយុត្តិធម៌ ចំពោះការតែងតាំងលោកចៅអធិការវត្តថ្មីនិង សុំឲ្យធ្វើកិច្ចដំណើរការកសាងព្រះរូបបដិមាករដ៏ធំឲ្យបានរួចរាល់ ដើម្បីទុកតំកល់ជាទីសក្ការៈនៅក្នុងវិមានសង្ឃនៃទីវត្តព្រះឥន្ធកោសីយ៍។ក្នុងការតវ៉ានេះក្រោមការនិមន្តដឹកនាំរបស់ព្រះភិក្ខុសង្ឃព្រះនាមអ៊ុនសម្ផស្សបានចូលជួបលោកប៊ុន ថាប្ញទ្ធិអភិបាលរងនៃគណៈអភិបាលខេត្តដោយមាន ព្រះវត្តមាន របស់ព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប និង អស់លោកលោកស្រីនៃមន្ទីរពាក់ព័ន្ធមួយ ចំនួនផងដែរ ។
តាមសង្ឃដិការបស់ភិក្ខុអ៊ុន សម្ផស្សបានបញ្ជាក់ពីគោលបំណង របស់ព្រះសង្ឃ និង ពុទ្ធបរិស័ទ សុំធ្វើការជួបឯកឧត្តមអភិបាលខេត្តដើម្បីជួយធ្វើអន្តរាគមន៍និងដោះស្រាយអំពីអធិករ ដែលបានកើតឡើងនៅក្នុងទីវត្តព្រះឥន្ធកោសីយ៍ ក្រោយពេលដែលព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្ត ទទួលអនិច្ចធម៌ ទៅ ក្នុងទីវត្តតែងមានភាពមិនចុះសម្រុងគ្នាទាំងព្រះសង្ឃ និង ពុទ្ធបរិស័ទ ។ ក្នុងនោះដែរ ភិក្ខុអ៊ុនសម្ផស្សនិង ប្រជាពុទ្ធបរិស័ទ ក៏បានធ្វើការចោទប្រកាន់ទៅលើ ភិក្ខុចាន់ សុវណ្ណនិង ភិក្ខុក្រួច សុមានជាលេខាព្រះមេគណខេត្តដែលបានទទួលអនិច្ចធម៌ទៅព្រមទាំងបក្ខពួក បានធ្វើឲ្យមានរឿងមិនប្រក្រតីក្នុងទីវត្តនៅពេលដែលវត្តគ្មាន ចៅអធិការគ្រប់គ្រងវត្តបានធ្វើការដេញភិក្ខុសាមណេ ចំនួន៤អង្គចេញពីវត្តដោយមិនដឹងពីមូលហេតុ។
ចំពោះ ការតែងតាំងភិក្ខុចាន់ សុវណ្ណឬភិក្ខុក្រួច សុមាននោះភិក្ខុអ៊ុន សម្ផស្សនិង ព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្ត មិនគាំទ្រ បេក្ខភាពទាំងពីរអង្គនេះឡើង ។ដោយមូលហេតុ ព្រះភិក្ខុ ចាន់ សុវណ្ណ បានចាកចេញចោលវត្តអស់រយៈពេល ១១ឆ្នាំ ទៅរស់នៅសហរដ្ឋអាមេរិក គឺពុំអាចមកគ្រប់គ្រងកន្លែងសុំសីល និង គរុភ័ណ បានឡើយហើយចំពោះ ភិក្ខុ ក្រួច សុមាន បានធ្វើឲ្យបាត់បង់បច្ច័យរបស់បុណ្យព្រះសពព្រះមេគណខេត្តចំនួន៥៥លាន៦សែន២ពាន់រៀល និង ប្រាក់ដុល្លា ចំនួន ១ពាន់៦៦១ដុល្លា ដោយមិនដឹងមូលហេតុ ។ភិក្ខុអ៊ុន សម្ផស្សក៏បានមានសង្ឃដិកាយ៉ាង ទទូច ចំពោះបញ្ហាការកសាងព្រះរូបដិមាករធ្វើអំពីស្ពាន់ដ៏ធំ ទុកតំកល់សម្រាប់ទីសក្ការៈនៅក្នុងទីវត្តព្រះឥន្ធកោសីយ៍ ដែលបានកសាងបានប្រមាណ៨០%ហើយត្រូវបានសម្តេចសង្ឃរាជ ទេព វង្ស ធ្វើការហាមឃាត់ មិនឲ្យយក រូបដិមាករធ្វើពីស្ពាន់ដាក់តាំងគោរពបូជានៅក្នុងទីវត្តព្រះឥន្ធកោសីយ៍ ក្នុងឱកាសបុណ្យចម្រើនព្រះជនព្រះមេគណខេត្តដោយទីវត្តនេះជាវត្តបុរាណ មានប្រាសាទទៀតផង។ក្នុងនោះដែរក៏មានបងប្អូនពុទ្ធបរិស័ទយើងក៏បានលើក នូវសំណូមពរ សមបន្តកសាងឲ្យបានរួចរាល់ផងដែរ។
មានថេរដិកានោះដែរព្រះគ្រូប្រាសាទរង្សីឡាចលាងព្រះអនុគណក្រុងសៀមរាប ក៏បានគូសបញ្ជាក់ថាចំពោះបញ្ហាអធិករដែលកើតឡើងនៅក្នុងទីវត្តនោះភិក្ខុសង្ឃនិងពុទ្ធបរិស័ទ ត្រូវតែរៀបចំនូវឯកសារឲ្យបានត្រឹម ត្រូវ ទាំងបញ្ហាបុគ្គលដើម្បីដាក់ជូនមកគណៈសង្ឃវិន័យ ឬ អនុគណក្រុង ដើម្បីធ្វើការដោះស្រាយទៅតាមក្រឹត្យក្រមធម៌វិន័យរបស់ព្រះសង្ឃតែចំពោះអាជ្ញាធរ គឺបានត្រឹមតែជាអ្នកសម្របសម្រួលនិងធ្វើការផ្សះផ្សារដើម្បីក្នុងផលប្រយោជន៍ ឲ្យវិស័យព្រះពុទ្ធសាសនាយើងមានការអភិវឌ្ឍន៍រីកចម្រើន។
មានប្រសាសន៍នោះដែរលោកប៊ុន ថាប្ញទ្ធិក៏បានគូសបញ្ជាក់ថាគោលជំហររបស់ខេត្ត សូមគាំទ្រនូវរាល់ ការកសាងរបស់ព្រះសង្ឃ និង ពុទ្ធបរិស័ទ ទៅលើសមទ្ធិផលក្នុងវត្តនិង ទីសាធារណៈ ពីព្រោះថា វិស័យព្រះពុទ្ធ សាសនា នៅពេលបច្ចុប្បន្ននេះ គឺជាយន្តការមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលមកទស្សនា កម្សាន្ត នៅតាមទីវត្តអារាម ដែលមានអាយុកាលចំណាស់ៗ សំខាន់នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបនិង បណ្តាខេត្ត ផ្សេងៗទៀត។លោកក៏បានជម្រាបដល់ភិក្ខុសង្ឃនិង ពុទ្ធបរិស័ទផងដែរថារាល់ការកសាងយើងត្រូវធ្វើទៅតាម ដំណាក់កាល និងជ្រើសរើសពេលវេលាឲ្យសមស្របណាមួយ ដែលធ្វើឲ្យកិច្ចការរបស់យើងទទួលបានជោគជ័យ។ ម្យ៉ាងទៀតកិច្ចការទាំងនេះ ក៏ត្រូវយើងធ្វើការផ្សាភ្ជាប់ទៅនឹងក្រុមការងារថ្នាក់ជាតិក្នុងផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចក្នុងទីវត្តរបស់ខ្លួនផងដែរ ។ លោកប៊ុន ថាប្ញទ្ធិក៏បានលើកផងដែរចំពោះបញ្ហាអធិករ ដែលកើតនៅក្នុងទីវត្ត គឺ ជាលក្ខណៈបុគ្គល ហើយក៏ជាកិច្ចការរបស់ព្រះសង្ឃដូចតាមសង្ឃដិការបស់ព្រះអនុគណក្រុងបានលើកឡើង ។ ដូច្នេះអាជ្ញាធរខេត្ត គឺជាអ្នកធ្វើការសម្របសម្រួលប្រកបទៅដោយសន្តិវិធី។ លោកក៏បានបន្តទៀតថា ដោយមើល ឃើញនូវកង្វះនៃការគ្រប់គ្រងព្រះសង្ឃក្នុងទីវត្តព្រះឥន្ធកោសីយ៍មន្ទីរបានតែងតាំងចៅអធិការស្តីទី ដែលមានព្រះនាមភិក្ខុចាន់សុវណ្ណជាបណ្តោះអាសន្នដើម្បីរងចាំក្រសួងចេញសេចក្តីប្រកាស តើតែងតាំងភិក្ខុអង្គណាក្រោយពេលគណៈកម្មការធ្វើការជ្រើសរើសនិងវាយតម្លៃឬ ក៏យកព្រះសង្ឃពីវត្តផ្សេងមកធ្វើចៅអធិការវត្តក្នុងការបញ្ចប់អធិករក្នុងទីវត្តនេះក៏មានផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការពាំនាំនូវសំណើនិងសំណូមពររបស់ព្រះសង្ឃនិង ពុទ្ធបរិស័ទជូនដល់អភិបាលខេត្តក្នុងការជម្រុញឲ្យសមទ្ធិផលដែលយើងបានកសាងនេះ សម្រេចបានដោយជោគជ័យនិង ទទួលបានផលអនុសង្ឃស្មើៗគ្នាផងដែរ ៕



































