ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់បានដេកស្លាប់ក្នុងព្រៃដោយមានសពរលេះរលួយទើបមានគេប្រទះឃើញ នៅវេលាម៉ោង១និង១០នាទី ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦ នៅតាមផ្លូវរទេះក្បែរដីចំការមួយកន្លែងក្រោយសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេស ស្ថិតនៅក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចមូលដ្ឋានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ជនរងគ្រោះមានជម្ងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ និងមានដំបៅពេញខ្លួនប្រាណទៀតផង នៅមុនពេលដែលគេប្រទះឃើញគាត់ដេកស្លាប់នៅចំណុចខាងលើនេះ គឺគាត់បានបាត់ខ្លួនពីផ្ទះចំនួន៥ថ្ងៃមកហើយ ក្រុមគ្រួសារបាននាំគ្នាតាមរកដែរតែរកមិនឃើញ។ នៅពេលគេប្រទះឃើញគាត់ដេកស្លាប់ គឺសាកសពមានសភាពហើមរលួយទៅហើយ ដោយលើខ្លួនមានសភាពខ្លោចខ្មៅ ថែមទាំងធ្លាយពោះវៀនចេញមកក្រៅទៀតផង។
លោក យឹម សុផល នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករលារប្អៀរ បានអោយដឹងថា៖ ជុំវិញករណីស្លាប់របស់បុរសខាងលើនេះ ឆ្លងតាមការធ្វើកោសលវិច្ច័យទៅលើសាសពរបស់សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្របានបញ្ជាក់ថា៖ នៅលើខ្លួនជនរងគ្រោះពុំមានស្លាកស្នាមពាក់ពន្ធ័ជាមួយអំពើឃា តកម្មនោះឡើយ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



































