ម៉ូស្គូ៖ លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Rogozin បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសរបស់លោកមានផែនការបញ្ចប់គម្រោងសហប្រតិបត្តិការ និងប្រើប្រាស់ស្ថានីយអវកាសរហូតដល់ចុងឆ្នាំ២០២០ ជាមួយអាមេរិក ដោយសារតែផលវិបាកនានានៃការបដិសេធរបស់អាមេរិកក្នុងការប្រើប្រាស់ពិសោធដ៏គ្រោះថ្នាក់។ នេះបើយោងតាមគេហទំព័របរទេសចិនឆាយណាដេលី កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។
សេចក្តីថ្លែងការណ៍នេះហាក់បានបង្ហាញពីភាពតឹងតែងកើនឡើងរវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានភាពចម្រូងចម្រាសស្តីពីវិបត្តិអ៊ុយក្រែន និងទណ្ឌកម្មនានា ដែលលើកឡើងដោយរំលោភរបស់សហរដ្ឋអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រី មិនបានគូសបញ្ជាក់ចំៗស្តីពីទំនាក់ទំនងបញ្ហានេះ និងពាក់ព័ន្ធជាមួយកិច្ចសហការសម្រាប់ស្ថានីយអវកាសនោះទេ ប៉ុន្តែលោកបានលើកឡើងសង្កត់ធ្ងន់ថា ៖“វាពិតប្រាកដណាស់ វាបានរំឭកយើង ក្នុងការបន្តគម្រោងកម្មវិធី
នៃការអភិវឌ្ឍបច្ចេកវិទ្យាជាមួយដៃគូដែលមិនស័ក្តិសមដូចអាមេរិកទៀតឬយ៉ាងណា?” នេះបើតាមភ្នាក់ងារ the Interfax news agency។ លោក Dmitry Rogozin បាននិយាយបន្តថា បន្ទាប់ពីឆ្នាំ២០២០ទៅ រុស្ស៊ីមិនចាត់ទុកកិច្ចសហប្រតិបត្តិការ នេះសំខាន់ទៀតទេ រុស្ស៊ីនឹងធ្វើកិច្ចការនេះនៅរដូវក្តៅនេះដោយខ្លួនឯង។ “រុស្ស៊ីអាចធ្វើកិច្ចការនេះដោយឯករាជ្យដោយមិនមានអាមេរិក តែអាមេរិកមិនអាចធ្វើកិច្ចការនេះ ដោយគ្មានរុស្ស៊ីបាននោះទេ”៕