កំពត៖ ឯកឧត្តម ខូយ-ឃុនហ៊ួរ អភិបាលខេត្តបានមានប្រសាសន៏អំពាវនាវដល់មន្ត្រីរាជការទាំងអស់ត្រូវខិតខំជំរុញលើកកម្ពស់ស្ថានភាពយេនឌ័រមិនថានៅក្នុងអង្គភាពកន្លែងបំរើការងារសូម្បីនៅក្នុងសង្គមគ្រួសារក៏ត្រូវមានការយកចិត្តទុកដាក់បញ្ហាសមភាពយេនឌ័រនេះជាការសំខាន់បំផុត ហេីយ ចាត់ទុកសមភាពយេនឌ័រ គឺជាកំលាំងស្នូលនៃកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សុខមាលភាពវិបុលភាព និងភាពសុខដុមរមនានៃសង្គម ហើយពិសេសផ្តល់នូវឧត្តមប្រយោជន៍ជាច្រើន មិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់បុរស សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ ។
ឯកឧត្តមខូយ ឃុនហ៊ួរបានមានប្រសាសន៏អំពាវកាលពីរសៀលថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០១៦ ក្នុងឱកាសនៃការប្រារព្ធពិធីអបអរខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទៈ”វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព” ។ 
លោកជំទាវ យូ-សុគន្ធអភិបាលរងខេត្ត បានអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុព្រះវរាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរឱកាសអបអរសាទរខួបលើកទី១០៥នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០១៦ និង លោកស្រី មុយ-វិរត្ននាយករងរដ្ឋបាលសាលាខេត្ត បានធ្វើរបាយការណ៍ឲ្យដឹងអំពី ស្ថានភាពការងារមន្ត្រីរាជការពិសេសស្ថានភាពការងារស្ត្រីមានលក្ខណៈសមភាពយេនឌ័រល្អប្រសើរ ទាំងតួនាទីភារកិច្ចការងារប្រកបដោយស្មារតីភ្ញាក់រលឹកនិងម្ចាស់ការខ្ពស់នៅក្នុងអង្គភាពចំណុះសាលាខេត្តកំពតរួចមក។
ឯកឧត្តមខូយ-ឃុនហ៊ួរ បានសំដែងការអបអរសាទរចំពោះទិវាសិទ្ធនារីអន្តរជាតិ៨មីនាខួបលើកទី១០៥ឆ្នាំ២០១៦នេះដោយឯកឧត្តមអភិបាលខេត្តបានចាត់ទុកទិវាដ៏មានសារៈសំខាន់នេះ គឺក្នុងគោលបំណងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការវិនិយោគ ទាំងធនធានមនុស្ស និងសេដ្ឋកិច្ចសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រនិងពង្រឹងភាពអង់អាចរបស់ស្ត្រីនៅទូទាំងប្រទេសនិងនិយាយដោយឡែកនៅក្នុងខេត្តកំពត។
ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ក៏ត្រូវខិតខំពង្រឹងអភិវឌ្ឍសមត្ថភាពពិសេសស្ត្រីខ្លួនឯងត្រូវមានការយកចិត្តទុកដាក់បង្កើននូវចំណេះដឹងឲ្យបានទូលំទូលាយដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដឹកនាំដ៏ល្អពូកែទាំងនៅក្នុងស្ថាប័ននិងអង្គ ភាពក៏ដូចនៅក្នុងសង្គមគ្រួសារផងដែរ។ ក្នុងឱកាសនោះដើម្បីចូលរួមជំរុញលើកកម្ពស់អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានកាន់មានប្រសិទ្ធភាព ឯកឧត្តមខូយ-ឃុនហ៊ួរក៏បានជូននូវវត្ថុអនុស្សាវរីយ៍ មូកការពារសុវត្ថិភាពម្នាក់០១ អមដោយថវិកាចំនួន៤ម៉ឺនរៀលដល់បងប្អូនមន្ត្រីរាជការជាស្ត្រីចំនួន៧២នាក់ដែលបានចូលរួមនាពេលនោះផងដែរ ៕




































