ខេត្តកំពង់ឆ្នាំង៖ « រឿងភូមិឃុំមានសុវត្តិភាពគឺជារឿងយើងទាំងអស់គ្នា មិនមែនជារឿងបុគ្គលណាម្នាក់ឬស្ថាប័នណាមួយឡើយ ហើយក៏មិនមែនជារឿងនិន្នាការខាងណាដែរ » លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងបានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៥ និងទិសដៅអនុវត្តឆ្នាំ២០១៦ នៅក្នុងស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោកជំទាវ បានបន្តទៀតថា៖ យើងម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារ ភូមិ ឃុំសង្កាត់ ស្រុក ខេត្ត និងទូទាំងប្រទេស មិនថាគណៈបក្សណាក៏ដោយ គឺចង់បានសុខសន្តិភាព ដូច្នេះការអនុវត្តភូមិឃុំមានសុវត្តភាពគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។ ហេតុនេះការចលនាប្រជាពលរដ្ឋ អោយចូធ្វើជាប្រជាការពារភូមិឃុំ គឺជាការចាំបាច់ណាស់ ព្រោះថា ប្រជាការពារគឺកម្លាំងទី២ ជាសេនាធិការអោយសមត្ថកិច្ចនគរ បាល និងអាវុធហត្ថ ក្នុងការសហការបង្ក្រាបបទល្មើសនៅក្នុងភូមិឃុំ។ លោកជំទាវបានបញ្ជាក់ទៀតថា៖ កន្លងមកក៏មានប្រទេសមួយចំនួនបានកោតសរសើរនិងរៀនសូត្រតាមយើង ក្នុងការបង្កើតអោយមានប្រជាការពារ អនុវត្តគោលនគោលនយោបាយរភូមិឃុំមានសុវត្តិភាព។
ឯកឧត្តម ចេង ញាន់ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព បានរាយការណ៍អោយដឹងថា៖ នៅក្នុងឆ្នាំ២០១៥ បទល្មើសព្រហ្មទ័ណ្ឌបានកើតឡើងចំនួន ៤៩លើក ថយចុះជាងឆ្នាំមុន៦លើក បង្ក្រាបបាន៤៦លើក ឃាត់ខ្លួនជនល្មើស៧៤នាក់។ បទល្មើសគ្រឿងញៀន កើតឡើង៩០ករណី ឃាត់ខ្លួនមនុស្ស២០០នាក់ ដកហូតថ្នាំញៀនម៉ាគ្រាប់ចំនួន១០.១៧៣គ្រាប់ ម៉ាទឹកកក៤២៦កញ្ចប់ ម្សៅខេតាមីន១ថង់តូច ។ បទល្មើសជួញដូរ និងអាជីវកម្មផ្លូវភេទ កើតមាន៤ករណី ឃាត់ខ្លួនមនុស្ស០៥នាក់ស្រី១នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លទ្ធផលប្រឡងប្រណាំងការអនុវត្តភូមិឃុំមានសុវត្តិភាព នៅក្នុងខេត្តកំពង់ឆ្នាំងមានឃុំសង្កាត់ចំនួន៩៩ ថ្នា ក់ជាតិបានសម្រេចផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖ ចំណាត់ថ្នាក់លេខ១មាន ៥៩ ឃុំ.ស ង្កាត់ ចំណាត់ថ្នាក់លេខ២ មាន០៩ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ៣មាន ០១ឃុំសង្កាត់ និងឃុំសង្កាត់គ្មានចំណាត់ថ្នាក់គ្មាន។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង គោលនយោបាយភូមិឃុំមានសុវត្តិភាព បានវាយតម្លៃខ្ពស់និងសូមកោតសរសើរដោយស្មោះចំពោះ ស្នាដៃដ៏ធំធេង របស់ឃុំសង្កាត់ដែលខិតខំនិងយកចិត្តសម្រេចបាននិងទទួលបានចំណាត់ដ៏ល្អប្រសើរខាងលើនេះ។
ក្នុងនោះដែរយើងពិនិត្យឃើញឃុំសង្កាត់ចំនួន៧ ដែលទទួលចំណាតត់ថ្នាក់លេខ២ពីឆ្នាំចាស់ បានប្រឹងប្រែង ទទួលបានចំណាត់ថ្នាក់លេខ១ និងឃុំ១ដែលគ្មានចំណាត់ថ្នាក់ពីឆ្នាំមុនបានប្រឹងប្រែង ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៥។ដោយឡែកឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ផ្តល់សេវាតម្រូវការមានដូចជា អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារ និងសេវាផ្សេងៗទៀត ជូនប្រជពលរដ្ឋអោយបានសមស្រប អោយបានលឿន និងមានតម្លាភាព។
នៅក្នុងកម្មវិធីនជដែរលោកជំទាវ ជូ ប៊ុនអេង បានចែកបណ្ណ័សរសើរ លិខិតសរសើរនិងថវិការដល់ឃុំសង្កាត់ទាំង៦៩ដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំង និងបានចុះសួរសុខទុក្ខប្រជាការពារក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរចំនួន៣២៩នាក់ ដោយបានចែកជូននូវថវិការមួយចំនួន លើកទឹកចិត្តដល់ប្រជាការពារទាំងអស់គ្នាផងដែរ៕



































