កំពង់ធំ= ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ចាការរងកងទ័ពជើងគោក មេបញ្ចាការយោធាភូមិភាគទី៤ បានអញ្ចើញជាអធិតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំពាក់បំប៉ននាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានចូលរួមពីឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំព្រមទាំង ឯកឧត្តម ស៊ោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមន្ដ្រីនានាមកពីតាមមន្ទីរជុំវិញខេត្តកាលព្រឹកថ្ងៃទី៩ខែមិនា ឆ្នាំ២០១៦នៅទីតាំងវីរសេនាតូចរៀបរយលេខ១នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ដែលមានសិក្ខាកាម ចំនួន២៥០នាក់ចូលរួមរៀនសូត្រ។
ឯកឧត្តម ស៊ោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានសន្ដរកថាស្វាគមន៍និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានជួយទំនុកបំនុងទាំងសម្ភារះនិងថវិការដល់តំបន់សឹករង ជារាងរហូតមក និងធ្វើសេចក្ដីរាយការណ៍ស្ដីពីការបើកវគ្គហ្វឹកហ្វឺនជាក់ស្ដែងនាពេលខាងមុខនេះថា ដោយធានាបានអោយមានការស្នាក់ ការហូបចុក និងទទួលបានកញ្ចប់ថវិការពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនឧបត្ថមដល់សិក្ខាកាមក្នុង
ម្នាក់ៗទទួលបាន៣០០០រៀលគួបផ្សំនិងប្រាក់ហូបជាគោលរបបដែលថ្នាក់លើកំណត់៤២០០រៀលទៀតសរុប៧២០០រៀលនិងរបបអង្ក ០,៧៥គីឡូក្រាមសំរាប់សក្ខាកាមម្នាក់ៗក្នុង១ថ្ងៃ ក្នុងនោះក៏មានចុងភៅសំរាប់ធ្វើម្ហូបដើម្បីធានាបានការហូបចុកដល់សិក្ខាកាមអោយបានសមរម្យប្រកបដោយអនាម័យ ក្នុង១ថ្ងៃ៣ពេល ព្រឹក ថ្ងៃ និងល្ងាច ចំពោះទីតាំងហ្វឹកហាត់ស្ថិតនៅបរិវេណវីរសេនាតូចរៀបរយលេខ១ភូមិថ្នល់បែក ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ដែលមានប្រព័ន្ធអគ្គិសនី និងមានកន្លែងស្នាក់នៅគ្រប់គ្រាន់ផងដែរ ចំពោះសិក្ខាកាមចូលរួមរៀនសូត្រមានរយះពេល៤៥ថ្ងៃ ក្នុងនោះមានទ្រឹស្ដី និងការអនុវត្តន៍ ដែលចំនួន២៥០នាក់ មកពីតំបន់សឹករងកំពង់ធំ ៤១នាក់ មកពីវីរសេនាតូចទាំង២ ចំនួន១២០នាក់ផ្នែកសឹករងទាំង៨ ចំនួន៨៩នាក់ គ្រូយោធាចារ្យ ចំនួន២៥នាក់គណះគ្រប់គ្រងចំនួន១២នាក់អ្នកបំរើការ ចំនួន៧នាក់សរុប២៩៤នាក់។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ថ្វីត្បិតតែប្រទេសយើងពុំមានសង្គ្រាមក៏ដោយ ក៏យើងត្រៀមខ្លួនជានិច្ចដើម្បីការពារព្រំដែន ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ការជួយទប់ស្កាត់បទល្មើស ចរាកម្ម ចោរលួច ចោរប្លន់ជាដើម បន្ទាប់មកឯកឧត្តក៏បានឧបត្ថមថវិកាចំនួន៣លានរៀល គ្រឿងឧបភោគ បរិភោគមួយចំនួន ដល់ឯកឧត្តមសោមស៊ុនក្នុងចាត់ចែងការដំណើរការបើកវគ្គហកវឹកហ្វឺនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ចាការរងកងទ័ពជើងគោក មេបញ្ចាការយោធាភូមិភាគទី៤បានមានប្រសាសន៍ថាថ្លែងអំណរគុណដល់អភិបាលខេត្តដែលបានជួយឧបត្ថមថវិការនិងបានមានមតិផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ក្នុងការហ្វឹកហ្វឺនរៀនសូត្រពេលខាងមុនអោយទទួលបាននិទេស្ដល្អគ្រប់ៗគ្នា និងមានប្រសាសន៍ពីបញ្ហាការពារព្រំដែនធ្វើយ៉ាងណាអោយព្រំដែនសន្ដិភាព រក្សាស្ថេរភាព ការពារបូរណះភាពទឹកដី ទប់ស្កាត់រាល់បទល្មើស ការពារសន្ដិសុខ ចូលរួមបង្ក្រាប់អំពើចរកម្ម ចោរលួចចោរប្លន់ និងសុំកុំអោយមានការជឿរឃោសនារបស់មនុស្សអគតិមួយចំនួនដែលអុចអាលបង្កអោយយើងបែកបាក់សាមគ្គី ដូច្នេះត្រូវសហការសាមគ្គីផ្ទៃក្នុងអោយបានល្អបន្ទាប់មកឯកឧត្តមក៏បានឧបត្ថមថវិការចំនួន២លានរៀល ក្នុងការបើកវគ្គហ្វឹកហ្វឺននេះផងដែរ៕ប៊ុន រិទ្ធី



































