​សម្ពោធ​អាគារ​ថ្មី អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ

0

​ខេត្តសៀមរាប​៖ គោលដៅ​ជា​យុទ្ធសាស្ត្រ ក្រោម​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល គឺ​ការកសាង​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ កំពុង​បង្ហាញ​នូវ​ផ្លែផ្កា​នៅលើ​កំណាត់​ផ្លូវ​នៃ​គោលដៅ​ជា​យុទ្ធសាស្ត្រ​នោះ​ហើយ ដែល​កាលពី​៨​ឆ្នាំមុន តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​នេះ គឺជា​សមរភូមិ​ប្រយុទ្ធ ។​អត្ថន័យ​ខាងលើនេះ គឺ​បង្ហាញឡើង​សំដៅ​ទៅរក​កាលពី​៨​ឆ្នាំមុន ដែល​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​ស្ថិតនៅ​ជា​តំបន់​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​រំលឹក​ឡើងវិញ​អំពី​ស្ថានភាព​នោះ នា​រសៀល​ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០១៦ ក្នុងឱកាស​នៃ​ការបើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាគារ​ថ្មី របស់​អធិការដ្ឋាន​នគរបាល​របស់​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។02
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​រំលឹក​បន្ថែមថា ៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ( សម្តេច​តេ​ជោ ហ៊ុន សែន ) បានបង្ហាញ​នូវ​មហិច្ឆតា​នៃ​ការកសាង​ព្រំដែន​មាតុភូមិ​ដោយ​បេះដូង​សន្តិភាព ទៅកាន់​បណ្តា​អង្គភាព​ប្រដាប់អាវុធ​ជួរមុខ ឲ្យ​មាន​សេចក្តីក្លាហាន តស៊ូ អំណត់​ព្យាយាម ដើម្បី​ប្រែក្លាយ​សម្លេង​ផ្ទុះអាវុធ ឲ្យ​ទៅជា​ស្នូរ​សម្លេង​ព្រះធម៌​និង​ចម្រៀង និង​ប្រែក្លាយ​តំបន់​សមរភូមិ ឲ្យ​ទៅជា​ទីផ្សារ​សេដ្ឋកិច្ច បំរើ​ជីវភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ​ព្រំដែន ឲ្យ​បាន​ប្រសើរ​ឡើងវិញ ។04
ឯកឧត្តម​មានប្រសាសន៍​ថា ប​ច្ច​ប្បន្ន​នេះ តំបន់​ព្រំដែន​ទាំងនេះ ទទួលបាន​នូវ​ការអភិវឌ្ឍន៍​គួរកត់សម្គាល់ ដូច​អ្វីដែល​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា បាន​ព្យាករណ៍​ទុក​កាលពី​៨​ឆ្នាំមុន ។ ជាមួយគ្នា​នោះដែរ ឯកឧត្តម​មានការ​ចាប់​អារម្មណ៍​ចំពោះ​របាយការណ៍​របស់​លោកស្នងការ​នគរបាល​ខេត្តព្រះវិហារ​ដែលថា ៖ អាគារ​ថ្មី អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត គឺ​បាន​កសាងឡើង​ក្រោម​ការរួបរួម​សាមគ្គីរ​វាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អ្នកតំណាងរាស្ត្រ ហើយ​ដែលជា​ពិសេស​នោះ គឺ​ការចូលរួម​ពី​សំណាក់​សប្បុរសជន​ក្នុងស្រុក ។05
ជាមួយនឹង​សេចក្តី​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​សប្បុរសជន​នោះ ឯកឧត្តម​បាន​វាយតម្លៃថា នោះ​គឺ​ពិតជា​ការចូលរួម​ប្រកបដោយ​ឋា​ម​ពល ដើម្បី​កិច្ច​ដំណើការ​របស់​សមត្ថកិច្ច​ឆ្លើយតប បំរើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រដ្ឋបាល​មួយ​នេះ​កាន់តែ​ប្រសើរឡើង ។ 01ឯកឧត្តម​បាន​បន្តថា វា​គឺជា​កត្តា​កត់សម្គាល់​មួយ ដែល​អាច​នឹង​ឈាន​ឆ្ពោះទៅរក​ការកសាង​មូលដ្ឋាន​ដែលមាន​សន្តិសុខ​រឹងមាំ ហើយក៏​អាច​និយាយបានថា សក្ខី​កម្មនេះ គឺជា​ដំណើរ​ឈានទៅរក​ការឯកភាព​គ្នា​រវាង​សមត្ថកិច្ច​ជាមួយ​ប្រជាពលរដ្ឋ រួមគ្នា​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៕