ខេត្តស្វាយរៀង៖សមត្ថកិច្ចតាមប្រម៉ាញ់ចាប់បានជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពយកដែកបំពង់ទីបវាយប្លន់ចៅសង្កាត់ព្រៃអង្គុញយកម៉ូតូដល់សាលាសង្កាត់៕ករណីវាយប្លន់នេះបានកើតទ្បើងនៅព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០១៦វេលាម៉ោង ៧ៈ៣០ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ៕តាមសមត្ថកិច្ចប៉ុស្តីរដ្ឋបាលសង្កាត់ព្រៃអង្គុញបានអោយដឹងថាជនសង្ស័យ ១ នាក់ បានធ្វើសកម្មភាពប្លន់ ដោយយកដែកបំពង់ទីប វាយទៅលើជនរងគ្រោះឈ្មោះខាំ រឿន ភេទ ប្រុស អាយុ ៧៦ ឆ្នាំ មុខរបរចៅសង្កាត់ព្រៃអង្គុញ ដល់ក្នុងបន្ទប់េធ្វីការ បណ្តាលអោយត្រូវចំស្មាខាងក្រោយ រងរបួសធ្ងន់បញ្ជួនទៅព្យាបាលនៅវៀតណាម។
ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានឡើងជិះម៉ូតូមកទិសខាងលិច ។ បន្ទាប់ពីទទួលបានការរាយការណ៍ភ្លាមៗ សមត្ថកិច្ចបានចេញប្រតិបត្តិការដោយមានបញ្ជារពីលោកស្នងការនគរបាលខេត្ត បានដាក់បញ្ជាផ្ទាល់តាមវិទ្យុទាក់ទង ទៅអធិការនគរបាលក្រុង ស្រុក អោយចេញកម្លាំងដើម្បីពួនស្ទាក់ចាប់ចោរអោយបាន ។
ប្រភពដដែលបានបន្តទៀតថាកម្លាំងនគរបាលបានចេញស្ទាក់តាមផ្លូវគ្រប់គោលដៅ រហូតដល់ម៉ោង០៩ៈ២៥នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំងនគរបាលដែលឈរជើងនៅគោលដៅក្បាលស្ពានកំពង់ចក របស់អធិការដ្ឋាននគរបាលស្រុករំដួល បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងម៉ូតូ ។ ក្រោយមកបានយកទៅសួរនាំជនសង្ស័យមានឈ្មោះជេត កូវលី ភេទប្រុស អាយុ២៦ ឆ្នាំរស់នៅភូមិ ចំបក់ ឃុំតាសួស ស្រុកស្វាយជ្រំ។ បច្ចុប្បន្នកំពុងបង្កសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕



































