សៀមរាប ៖ បុរសភេទទីបីទាំង២នាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបធ្វើការ ចាប់ឃាត់ខ្លួនយកមកកាន់អធិការដ្ឋានននគរបាលក្រុងសៀមរាបដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចយកកាបូបលុយភ្ញៀវបរទេស នៅក្នុងតំបន់ផ្សាររាត្រី កាលពីយប់ថ្ងៃទី១៥ខែឩសភា ឆ្នាំ២០១៤កន្លងទៅ ។
លោកអនុសេនីយ៍ឯក នួន ស័ក្កិ ចំរើនរិទ្ធ អធិការរងទទួលបន្ទុកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានននគរបាលក្រុងសៀមរាបបានឲ្យដឹងថា ដោយទទួលបាននូវពាក្យបណ្តឹងពីជនរងគ្រោះក៏ដូចជាផែនការឲ្យដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព ចុះប្រតិបត្តិការណ៍ធ្វើការតាមដាស្រាវជ្រាវនិងធ្វើការបង្ក្រាបចំពោះមុខសញ្ញាក្រុមភេទទីបីនេះពីសំណាក់លោកវរសេនីយ៍ត្រី ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបក៏ដូចជាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ លោក ឩត្តសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបផងនោះ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១៦ខែឩសភាកន្លងទៅជនសង្ស័យជាមុខសញ្ញាមិនចេះរាងចាលក្រុមបុរសភេទទីបីដែលតែងតែបានដើរបង្កភាពអសន្តិសុខចំពោះភ្ញៀវទេសចរណ៍នៅក្នុងក្រុងសៀមរាបនេះបានធ្វើសកម្មភាពលួចយកកាបូបលុយពីភ្ញៀវបរទេសដែលដើរកំសាន្តនៅក្នុងតំបន់ផ្សាររាត្រីដ៏ដែលក៏ត្រូវបានសមត្ថកិច្ចតាមដានបន្តនិងឈានដល់ការចាប់ឃាត់ខ្លួនបានបន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ភ្ញៀវបានភ្លាមៗតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីសមត្ថកិច្ចបានធ្វើការសួរនាំចំពោះជនសង្ស័យជាភេទទីបីទាំង២នាក់នេះជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចទាំងអស់ខាងលើហើយនោះពួកគេបានឆ្លើយសារភាពថាកន្លងមកពួកគេពិតជាបានធ្វើសកម្មភាពទាំងអស់ខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នមុខសញ្ញាក្រុមភេទទីបីមិនចេះរាងចាលនេះត្រូវបាននគរបាលក្រុងសៀមរាបរៀបចំសុំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋានននគរបាលខេត្តសៀមរាបដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយ លោក ខេង ខេមរា