ខេត្តសៀមរាប៖ សម្ភារៈឧបករណ៍តម្បាញរចនាបទខ្មែរ៩ប្រភេទសរុបចំនួន៤០ត្រូវបានកញ្ញា Gillian Green អ្នកជំនាញជនជាតិ អូស្រ្តាលី ផ្នែក វាយនភណ្ឌប្រពៃណី ជាសមាជិកកិត្តិយសនៃនាយកដ្ឋានប្រត្តិសិល្បៈ នៅសាកលវិទ្យាល័យ ស៊ីដនី និងជាប្រធានសមាគមសិល្បៈអាស៊ីអូស្រ្តាលី(
TAASA) យកមកប្រគល់ជូនដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីកាលថ្ងៃទី១០ខែមីនាឆ្នាំ២០១៦ សម្ភារៈទាំងនោះជាឧបករណ៍តម្បាញបុរាណខ្មែរធ្វើឡើងអំពីឈើឬស្សីមានអាយុកាលរាប់សិបឆ្នាំមកហើយ ជាចំណែកផ្សេងៗ នៃកីតម្បាញ សម្រាប់ដំណើការត្បាញ មកពីប្រទេសកម្ពុជាប្រទេសថៃ និងប្រទេសមីយ៉ាន់មារ ដូចជាៈ ១- រ៉ក ២- ត្រាក់តម្បាញមួយគូ ៣- ក្តារ ត្រដក់ មួយគូ និងមួយចំហៀង ៤- ជើងដាច់ មួយគូ និងមួយចំហៀង៥- ឈើអន្ទងមួយគូ ៦- ប្រាំង ៧- ឧបករណ៍ ស្រាវសូត្រមួយសម្រាប់ ៨- ត្រល់ ៩- ឧបករណ៍ កិនផ្លែកប្បាស។សម្ភារៈទាំងនេះនឹងត្រូវយកទៅទុកតាំងបង្ហាញដល់សាធារណៈជននៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីខេត្តសៀមរាប ដើម្បីឱ្យកូនខ្មែរស្គាល់និងចូលរួមលើកតម្កើងស្នាដៃតម្លៃវប្បធម៌ពីដូនតាខ្មែរ។លោកស្រី ចៅ ស៊ុនកិរិយា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានសម្តែងក្តីសោមនស្សរីករាយជាមួយនឹងការប្រគល់ជូននូវសម្ភារៈអំណោយទាំងនេះវាពិតជាមានតម្លៃនិងសារៈសំខាន់ខ្លាំងណាស់ព្រោះដូនតាខ្មែរយើងបានបន្សល់ទុកនូវមរតកវប្បធម៌អរូបីនិងរូបីជាច្រើនមកដល់សព្វថ្ងៃក្នុងនោះវាយនភណ្ឌតម្បាញសូត្រក៍មានច្រើនដែរតែពុំសូវមានសារៈមន្ទីរតម្កល់ទុកឧបករណ៍សម្ភារៈវាយនភណ្ឌច្រើនដូចសារមន្ទីរថ្មចម្លាក់នោះទេហើយយើងក៍ខ្វះសម្ភារៈទាំងនេះបង្ហាញដល់សាធារណៈជនផងដែរនៅពេលដែលបើកពិព័ណ៌ម្តងៗ។ សម្ភារៈទាំងនេះប្រឈមនឹងការបាត់បង់ម្តងបន្តិចៗបើយើងមិនរួមគ្នាអភិរក្សនិងថែរក្សាព្រោះការផលិតសំលៀកបំពាក់ទៅទីផ្សារកាន់តែទំនើបៗនិងជឿនលឿន។កញ្ញា ហ្គ្រីន បានបង្ហាញពីចំណាប់អារម្មណ៍ជាមួយនឹងសម្ភារៈទាំងនេះនិងប្រមូលសន្សំទុកជាយូរឆ្នាំមកហើយ។នៅឆ្នាំ១៩៩៣ ទទួលដំណឹងថាស្ថាតទូតឥណ្ឌានៅកម្ពុជានឹងបើកសារមន្ទីរវាយនភណ្ឌបុរាណជួយដល់កម្ពុជា ហើយគាត់សង្ឃឹមថាការប្រមូលសន្សំសម្ភារៈទាំងនេះនឹងមិនអត់ប្រយោជន៍នោះទេអាចនឹងយកមកប្រគល់ឱ្យកម្ពុជានៅពេលណាមួយមិនខាន។ពេលនេះកញ្ញា ហ្គ្រីន បានសម្រេចនូវក្តីបំណងដូចដែលបានគិតមែន។




































