ខេត្តសៀមរាប៖ ដើម្បីប្រមូលចំណូលពន្ធឲ្យបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ក៏ដូចជាសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់ខាងមុខ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ។
កិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធ ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ ក្រោមវត្តមានរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យឃើញថា ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៣៨៣ ៧០៨.៨៧ លានរៀល (គិតជាដុល្លារប្រមាណជា ៩៥.៩៣ លានដុល្លារ)។
របាយការណ៍នោះ បន្ថែមឲ្យដឹងថា ៖ ក្នុងរយៈពេលពីរខែ នៃឆ្នាំ២០១៦នេះ ការម្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានចំនួន ៨៤៩ ៩៣៣.៣៥ លានរៀល (គិតជាដុល្លារប្រមាណ ២១២.៤៩ លានដុល្លារ) ស្មើនឹង ១៤.៩៤ % នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
លទ្ធផលខាងលើនេះ ប្រសិនបើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ឃើញថា ៖ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ កើនឡើងប្រមាណជា ១៤.៩៤% ហើយក្នុងរយៈពេលដូចគ្នានេះដែរ របាយការណ៍នោះបានកត់សម្គាល់ឃើញថា ៖ មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាមប្រភេទពន្ធសំខាន់ៗមួយចំនួន ដូចជា = ពន្ធលើប្រាក់ចំណេញកើនឡើងប្រមាណ ៩.៨% ពន្ធលើប្រាក់បៀវត្សកើនឡើងប្រមាណ ១៥.០% អាករលើតម្លៃបន្ថែមកើនឡើងប្រមាណ ១៤.៩%និងអាករពិសេសកើនឡើងប្រមាណ ១៩.៣% ។ ចំណែកឯ ចំណូលពន្ធតាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរតែទាំងអស់ផងដែរ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់ដល់គ្រប់អង្គភាពពន្ធដារ ដែលបានប្រឹងប្រែងប្រមូលចំណូលមានការកើនឡើងគួរជាទីពេញចិត្ត ព្រមជាមួយនឹងការផ្តល់អនុសាសន៍បន្ថែម ដើម្បីជម្រុញឲ្យប្រធានអង្គភាពពន្ធដារគ្រប់លំដាប់ថ្នាក់និងមន្ត្រីពន្ធដារទាំងអស់ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ គោរពវិន័យការងារ ។
ជាមួយគ្នានេះ លោកក៏បានផ្តល់នូវការណែនាំផងដែរដោយសង្កត់ធ្ងន់ថា ៖ មន្ត្រីពន្ធដារមិនត្រូវធ្វើបញ្ជីគណនេយ្យ និងកាន់លិខិតប្រកាសឲ្យក្រុមហ៊ុននោះឡើយ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីពន្ធដារឲ្យបានល្អប្រសើរ ផ្តល់សេវាអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព គោរពច្បាប់និងបទប្បញ្ញត្តិជាគោល ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធរីករាយក្នុងកិច្ចសហការបង់ពន្ធជូនរដ្ឋ និងត្រូវពង្រឹងរដ្ឋបាលសារពើពន្ធដើម្បីឲ្យការប្រមូលពន្ធឈានទៅសម្រេចបានតាមផែនការក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ៕



































