ខេត្តកំពង់ឆ្នាំង៖ « នេះគឺជាសមិទ្ធិផលថ្មីមួយទៀតដែលប្រមុខរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតអោយអាជ្ញាធរខេត្តកសាងផ្លូវក្រាលកៅស៊ូប្រវែង៣៦៤០ម៉ែត្រនៅក្រុងកំពង់ឆ្នាំង ចេញពីភូមិចុងកោះមាត់ទន្លេ ចេញទៅផ្លូវជាតិលេខ៥ក្នុងសង្កាត់ខ្សាម » ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែ
បនេះនៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ ក្នុងពិធីបើកការដ្ឋានកសាងផ្លូវលេខ៤០នៅចំណុចខាងលើ ដោ យមានលោកប្រធានមន្ទីរអង្គភាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមចំនួន៧៣០នាក់។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបន្តថា៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសំណាក់សម្តេចហ៊ុនសែន នាយរដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការលំបាកនូវផ្លូវធ្វើដំណើរនៅចំណុចខាងលើនេះ ដែលខែវស្សាបានលិចទឹកទន្លេមិនអាចធ្វើចរាចរណ៍បានតាមសំណើររបស់អាជ្ញាធរខេត្ត និងក្រសួងសាធារណៈការនិងដឹកជញ្ជូន សម្តេចបានអនុញ្ញាតអោយមន្ទីរសាធារណៈការខេត្ត កសាងផ្លូវខាងលើនេះ។
គម្រោងផ្លូវនេះ ត្រូវកសាងជាជំហ៊ានៗ ដោយចាក់ដីស ដីគ្រោះក្រហម និងចាក់ថ្មក្រាលកៅស៊ូ ប្រភេទDBST អោយផុតទឹកទន្លេឡើង ដោយមានបាតក្រោមប្រវែង៣០ម៉ែត្រ និងទទឺងលើប្រវែង១០ម៉ែត្រ ។ នៅពេលធ្វើផ្លូវមួយខ្សែនេះហើយ អាចសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ចេញចូលដឹកកសិផល និងផលនេសាទពីមាត់ទន្លេទៅកាន់ផ្លូវជាតិលេខ៥ដោយងាយស្រួលមិនស្ទះចរាចរណ៍តាមផ្លូវវត្តយាយទេព ដូចមុនទៀតឡើយ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា៖ តាមគម្រោងអភិវឌ្ឍន៍របស់ខេត្ត ទន្ទឹមនិងការកសាងផ្លូវខាងលើនេះ អាជ្ញាធរខេត្តក៏មានគម្រោងកសាងផ្លូវតាមច្រាំងទន្ល កសាងសួនច្បារ និងកសាងផ្សារកំពង់ឆ្នាំងថ្មីមួយនៅចុងភូមិចុងកោះ ដែលគម្រោងខាងលើនេះ ប្រមុខរាជរដ្ឋាភិបាលបានឯកភាពរួចហើយ ដោយឡែកគម្រោងអភិវឌ្ឍន៏និមួយៗ មិនអាចជៀសផុតពីផលប៉ះពាល់ឡើយ។
ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ការរស់របស់ប្រជាពលរដ្ឋនៅលើផ្ទះបណ្តែតទឹកក្នុងទន្លេសព្វថ្ងៃ មានមនុស្សជាង៥ពាន់នាក់ បើមួយថ្ងៃគេជុះដាក់ទឹកក្នុងម្នាក់តែ១គីឡូគឺត្រូវមានលាមកជាង៥តោនដូច្នេះតើអ្នកប្រើប្រាស់ទឹកនៅក្នុងក្រុងកំពង់ឆ្នាំងរៀងរាលថ្ងៃនឹងមានសុខភាពយ៉ាងណា។ ក្នុងនោះដែរក៏មានអ្នកធ្វើអាជីវកម្មបំពុលបរិស្ថានទឹកទន្លេសព្វថ្ងៃនេះដែរ មានដូចជាលក់ប្រេង ធ្វើម៉ាស៊ីន បញ្ជូលអាគុយជាដើម រឿងនេះហើយដែលយើងទាំងអស់គ្នាត្រូវតែកែលំអរ សម្រួលអោយអ្នករស់នៅលើទឹផ្លាស់មករស់នៅលើគោកវិញ។
ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ខាងលើនេះ មេត្តាចូលរួមដោះស្រាយគ្នាជាមួយក្រុមការងាររបស់ខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍន៍ទីក្រុងកំពង់ឆ្នាំងអោយមានការរីនចម្រើនដើម្បីយើយទាំងអស់គ្នា។ ម្យ៉ាងទៀតក្នុងឆ្នាំខាងមុខនេះខេត្តកំពង់ឆ្នាំងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំបុណ្យទន្លេថ្នាក់ជាតៀផងដែរ៕



































