កំពង់ធំ៖ នៅរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុនមេបញ្ជាការតំបន់សឹករងកំពង់ធំ ព្រមទាំងមន្រ្តីក្រោមឳវាទ បានចុះទៅសួរសុខទុក្ខលើកទឹកចិត្តដល់យុទ្ឋមិត្តយើងឲ្យខិតខំបន្តតស៊ូចិញ្ចឹមជីវិតប្រកបដោយសុច្ចរិតនិងសេចក្តីថ្លៃថ្នូក្នុងសង្គម ព្រមទាំងបាននាំយកគ្រឿងឧនភោគបរិភោគ ចែក ជូនក្រុមគ្រួសារជនពិការជើងទាំងពីនាក់ប្តីប្រពន្ឋ។
អនុសេនីយ៍ទោ ទឹម ហ៊ន អាយុ56ឆ្នាំ បានឲ្យដឹងថា មុនពេលលោកបានធ្លាក់ខ្លួនពិការ លោកមានឋានៈជា មេបញ្ជាការកងអនុសេនាធំលេខ2នៃយោធាស្រុកសន្ទុកខេត្តកំពង់ធំ បានពិការក្នុងសមរភូមិ ដោយសារសង្គ្រាមផ្ទៃក្នុងនៅឆ្នាំ1988 រហូតមកដល់បច្ចុប្បន្ន បានរស់នៅជាមួយភរិយាដែលជាជនពិការជើងដូចគ្នា គឺរស់នៅតែ២នាក់ប្តីប្រពន្ឋ ក្នុងខ្ទមកំសត់កណ្តាលវាលស្រែស្ថិតនៅភូមិ តាញ៉ោក ឃុំប្រសាទស្រុកសន្ទុកខេត្តកំពង់ធំ ហើយពីនាក់ប្តីប្រពន្ឋពុំមានមុខរបរអ្វីធំដុំទេ គឺ២នាក់ប្តីប្រពន្ឋបាននាំគ្នា ចិញ្ចឹមមាន់ទាលក់ រួមនិងប្រាក់បៀវត្សន៏ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្នុងមួយខែ560.000រៀលផងដែរ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ក្រុមគ្រួសារជនពិការនេះ គឺជាគ្រួសារដែលចេះ តស៊ូជីវិត គួរអោយកោតសើរ ចំពោះឆន្ទះបេះដូងយោធិន ដែលធ្លាប់មានស្នាដៃក្នុងការបំរើជាតិមាតុភូមិ ដណ្តើមសន្តិភាពជូនដល់ប្រជាជាតិខ្មែរ ដោយហ៊ានលះបង់ទាំងកំលាំងចិត្ត និងកំលាំងកាយ និងហ៊ានពលីជីវិតដោយឥតរុញរា និងជាការសោកស្តាយបំផុត ចំពោះយុទ្ធជនដ៏អង្គអាចក្លាហាន តែទោះជាក្លាយខ្លួនជា ជនពិការក្តី តែគុណបំណាច់ដែលបានសាងកន្លងមក នៅតែដិតជាប់ក្នុងការចងចាំរបស់ ប្រជាពលរដ្ឋខ្មែរដែរ ក្នុងឨកាសនោះដែរ បានផ្តល់នូវជំនួយមួយចំនួនមាន ថវិកា100.000រៀល អង្ករ50គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ឋចំនួន4យួរផងដែរ សម្រាប់ជាកការលើកទឹកចិត្តដល់អតីតយុទ្ធជន។
ដោយ ប៊ុន រដ្ឋា



































