ខេត្តរតនគិរី៖បើទោះបីជាមានសេចក្តីសម្រេចលេខ០៩ស.ស.រ. របស់រាជរដ្ឋាភិបាលពីការរៀបចំនិងប្រព្រឹត្តទៅនៃគណ:កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនានា នៅភាគឦសាននៃប្រទេសកម្ពុជាព្រមទាំងស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើនាំចេញខុសច្បាប់ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើសព្រៃឈើរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការយ៉ាងណាក៏ដោយ ។
ក៏ប្រជាពលរដ្ឋ នៅថ្ងៃនេះ លើកឡើងថា បទល្មើសព្រៃឈើ នៅតែបន្តកើតមានដដែលនៅខេត្តរតនគីរី ដោយសារមានការឃុបឃិតគ្នារវាងអាជ្ញាធរនិងឈ្មួញនាំឈើចេញ។
ប្រជាពលរដ្ឋស្រុកអូរយ៉ាដាវ និងស្រុកលំផាត ចោទអាជ្ញាធរថា បានឃុបឃិតគ្នាលាក់ឈើប្រណិតនៅតាមដងអូរយិនតាយដើម្បីនាំចេញទៅប្រទេសជិតខាង តាមម៉ូតូ យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់យប់ បើទោះបីជាមាន សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលឲ្យទប់ស្ដាត់យ៉ាងណាក៏ដោយ។
កន្លងមកគណ:កម្មការជាតិនិងគណ:កម្មាការថ្នាក់ក្រោមជាតិនៅខេត្តរតនគិរីពុំទាន់បានអនុវត្តន៍ឲ្យគ្រប់ជ្រុងជ្រោយនៅឡើយនោះទេករណីទប់ស្កាត់ការកាប់និងជួញដូរឈើប្រណិតនាំចេញទៅប្រទេសវៀតណាម។
គេសង្កេតឃើញថាការអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលគឺបានចុះអនុវត្តន៍តែតាមក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះចំណែកឯតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនិងច្រករបៀងនានាហាក់បីដូចពុំបានចុះបង្កាបនៅឡើយទេ។
ប្រជាពលរដ្ឋ អោយដឹងទៀតថា ឈើទាំងនោះជាប្រភេទឈើធ្នង់សុក្រំ ផ្ចឹក និងឈើទាល ចរាចរណ៍ដឹកតាមម៉ូតូនៅពេលយប់ជាច្រើនគ្រឿងយកទៅគរទុកជាច្រើនពាន់ម៉ែត្រគូបសំរាប់ដឹកជញ្ជូនចេញទៅប្រទេសជិតខាងនៅពេលដែលសភាពការណ៍ស្ងប់ស្ងាត់ ។
ប្រភពបានបញ្ជាក់ថាឈើប្រណិតទាំងនោះគេបានគរទុកនិងត្រៀមនាំចេញតាមច្រករបៀង ប៉ុស្តិ៍ខ្លាធំ អូរបឿក អូរតាង៉ន អូរតាង៉ៃ អូរយិនតែ អូរលាវ ក្នុងស្រុកអូរយ៉ាងដាវជាប់ព្រំប្រទល់ស្រុកលំផាត់ និងស្រុកកោះញែក ខេត្តមណ្ឌលគិរីដែលមានអ្នកដឹកឈើនាំចេញជាជនជាតិវៀតណាមទៀតផង។
ទាក់ទងនឹងករណីនេះ លោកម៉ា វិចិត្រអភិបាលស្រុកអូរយ៉ាដាវបានប្រាប់ថាករណីនេះលោកបានចុះពិនិត្យបានចំនួន៣លើករួចហើយថែមទាំងធ្វើរបាយការណ៍សុំគោលការណ៍ ឲ្យកម្លាំងជំនាញពាក់ព័ន្ធនិងថវិការដើម្បីចុះបង្ក្រាបយូរមកហើយតែរហូតមកដល់ពេលនេះមិនទាន់ទទួលបានការឆ្លើយតបពីថ្នាក់លើនៅឡើយទេ។
លោកបន្តថាករណីនេះពាក់ព័ន្ធដល់វរៈនគបាលការពារព្រំដែនគោកលេខ៦២៣និងមូលដ្ឋានកងទ័ពការពារព្រំដែនគោកអតីតវរលេខ១០២ដូច្នេះទាល់តែមានអន្តរាគមន៍ពីថ្នាក់លើទើបធ្វើទៅបាន។
ដោយឡែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីលោកកែប កត់បានមានប្រសាសន៍តាមទូរស័ព្ទនៅវេលាម៉ោង១២រសៀល ថ្ងៃទី ១៤ កុម្ភៈ នេះថាករណីនេះ លោកនឹងអោយកម្លាំងជំនាញចុះទៅមើល៕ ដោយ:យក្សឡោម



































