ខេត្តសៀមរាប៖ក្រោយពីបានបើកដំណើរការប្រកួតអស់រយៈពេល២០ថ្ងៃកន្លងមក នៅរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ កម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាទូទាំងខេត្តសៀមរាបលើវិញ្ញាសាបាល់ទាត់ បាល់ទះ បាល់បោះ និងប្រភេទកីឡាអត្តពលកម្ម ត្រូវបានបញ្ចប់ការប្រកួត រដូវកាលឆ្នាំសិក្សា ២០១៥-២០១៦របស់ខ្លួនប្រកបដោយជោគជ័យ ។រសៀលថ្ងៃសៅរ៍ទី១២ខែមិនាឆ្នាំ២០១៦ចុងសប្តាហ៍កន្លងមកនេះ នៅកីឡាដ្ឋានខេត្តសៀមរាប(ស្វាយធំ)ការបិទរដូវកាលប្រកួតកីឡាសិស្សប្រចាំឆ្នាំសិក្សា២០១៥-២០១៦ ត្រូវបានបញ្ចប់ដោយការប្រកួតចុងក្រោយកីឡាបាល់ទាត់បុរស ដណ្តើមពានរង្វាន់លេខ១ និង ជ័យលាភីចំណាត់ថ្នាក់លេខ២ រវាងក្រុមកីឡាករសិស្សនៃវិទ្យាល័យ ១០ មករា ១៩៧៩ និង ក្រុមកីឡាករសិស្សនៃវិទ្យាល័យ ហ៊ុនសែន-វត្តស្វាយ ក្រោមវត្តមានរបស់ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ។
លោក សោម សារ៉ូ អនុប្រធានមន្ទីរអប់រំខេត្តសៀមរាប និង ជាអនុគណកម្មការរៀបចំការប្រកួត បានរាយការណ៍ឲ្យដឹងថា៖សមាសភាពក្រុង-ស្រុកដែលបានបញ្ជូនក្រុមកីឡាករ កីឡាការិនីចូលរួមប្រកួត រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ ស្រុកស្រីស្នំ ស្រុកប្រាសាទបាគង និងស្រុកក្រឡាញ់ ក្នុងនេះក្របខ័ណ្ឌកីឡាករសិស្សកម្រឹតបឋមសិក្សាមានចំនួន ២៣ក្រុម ក្របខ័ណ្ឌកីឡាករកម្រឹតមធ្យមសិក្សា មានចំនួន ៦៦ក្រុម ស្មើនឹង ១ ៣៦០នាក់ ក្នុងនេះ កុមារីនិងយុវតី ៣០២នាក់ ។
របាយការណ៍ប្រកួតបានបញ្ជាក់ថា ៖ ក្របខ័ណ្ឌសិស្សបឋមសិក្សា លើវិញ្ញាសាបាល់ទាត់កុមារា មាន៧ក្រុម បាល់ទះកុមារាមាន៧ក្រុម វិញ្ញាសាអត្តពលកម្មកុមារានិងកុមារី មានចំនួន ៩ក្រុម ។ ក្នុងក្របខ័ណ្ឌ សិស្សមធ្យមសិក្សា លើវិញ្ញាសាបាល់ទាត់សរុប៣៥ក្រុម ក្នុងនេះនារី៧ក្រុម វិញ្ញាសាបាល់ទះ សរុប ១១ក្រុម ក្នុងនេះ នារី ៣ក្រុម វិញ្ញាសាបាល់បោះ ១០ក្រុម ក្នុងនេះនារី២ក្រុម និងវិញ្ញាសាអត្តពលកម្មសរុបទាំងបុរសនិងនារី មានចំនួន១០ក្រុម ។
លោកពៅពិសិដ្ឋអភិបាលរងខេត្តសៀមរាបវាយតម្លៃថា៖ ជោគជ័យនៃការបើកប្រកួតកីឡាសិស្សដើម្បីជ្រើសរើសជើងឯកប្រចាំខេត្តរដូវកាលឆ្នាំសិក្សា ២០១៥-២០១៦នេះគឺជាទិន្នន័យវិជ្ជមានមួយ ដើម្បីរួមចំណែកធ្វើឲ្យមានវឌ្ឍនភាពនៅក្នុងវិស័យអប់រំនិងកីឡា។លោកបានបញ្ជាក់ថាវាគឺជាស្នូរកណ្តឹងរោរ៍ ដែលមិនអាចបំភ្លេចវាបាន ( កីឡានាំមកនូវសុខភាព ភាតរភាព សាមគ្គីភាព ) តាមរយៈកីឡា ! កិត្តិយសជាតិ ត្រូវបានផ្សព្វផ្សាយលើឆាកអន្តរជាតិ ហើយសម្រាប់បច្ចុប្បន្ននេះ កីឡាក៏ជាលទ្ធភាពនៃការបំភ្លេចចោលគ្រឿងញៀនផងដែរ។លោកបានអំពាវនាវថា៖ សូមឲ្យជនដែលស្ថិតនៅក្នុងស្រទាប់យុវវ័យទាំងអស់ប្រើប្រាស់ពេលវេលាទំនេរពីការៀនសូត្រ ឬទំនេរពីការងារលេងកីឡាដើម្បីសុខភាពទាំងអស់គ្នានិងប្រើប្រាស់កែវភ្នែកដ៏ឈ្លាសវៃ សម្លឹងមើលទៅអនាគត ដែលស្រស់ថ្លាកំពុងរង់ចាំអ្នក ៕




































