ខេត្តសៀមរាប នៅថ្ងៃ សៅរ៍ ទី ១២ ខែ មីនា ឆ្នាំ២០១៦នាចុងសប្តាហ៍នេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ ដោយឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និង ថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខយោធភូមិភាគទី៤ប្រចាំទិសទី២និង អង្គភាពវរៈសេនាតូការពារព្រំដែនលេខ៤០៨ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ប្រពៃណីជាតិខ្មែរយើងខាងមុខ៕ 
ឧត្តមសេនីយទោ ទេព រួន មេបញ្ជាការរងយោធភូមិភាគទី៤ប្រចាំទិសទី២ ធ្វើសេចក្តីរាយការ អំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែននិងស្ថានភាពជីវភាពរស់នៅរបស់កងទ័ពផងដែរ។ ក្រោយពេលដែលសភាពការណ៍នៅតាមបណ្តោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែន និង បានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់នាយ និងពលទាហាន ឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ពក្នុងការលើកកម្ពស់ដល់វិស័យកងទ័ពព្រមទាំងបានធ្វើការកសាងអង្គភាព តាមរយៈសម្ព័ន្ធមេត្រីភាព ក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជន ផងដែរ ។
មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាន ក្នុងឱកាសប្រជាជនកម្ពុជា រៀបចំ ទទួលសាទរទេវតាឆ្នាំថ្មីឆ្នាំវកអដ្ឋស័កព.ស២៥៦០ខាងមុខលោកបណ្ឌិតឃឹម ប៊ុនសុងក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ដូចឯ.ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងអគ្គបញ្ជាការតែងតែនឹកគិតដល់ដល់បងប្អូននាយទាហាន ពលទាហាននៅសមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីសុខភាពនិង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំនូវយុទ្ធវិធីយុទ្ធសាស្ត្ររបស់កងទ័ព។ ម្យ៉ាងទៀតទោះបីស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទីក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង។លោកបណ្ឌិតឃឹមប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និង ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។ ឯកឧត្តមបណ្ឌិតក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិប៊ុនរ៉ានីហ៊ុនសែនក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និង សុខភាព ។ ម្យ៉ាងទៀតថ្ងៃនេះគណៈប្រតិភូខេត្តបានផ្តល់នូវជាគ្រឿងឧបភោគបរិភោគ ដល់បងប្អូនជានាយទាហានពលទាហាននៃយោធភូមិភាគទី៤ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូការពារព្រំដែនលេខ៤០៨ក្នុងស្ថានភាពកសាងទីតាំងនិងហ្វឹកហ្វឺន ព្រមទាំងបានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយបីបាច់ ថែរក្សា ដល់កងកម្លាំងទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន និង ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាជន ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ។
អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៤០កេស ថវិកា ៥លានរៀល អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៨ មានគ្រឿងឧបភោគបរិភោគ ចំនួន ១៧មុខ និងថវិកា សរុប ៦លានរៀល ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង ០៥ពុយ និង តង់០១ ។ក្នុងនោះ បានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ ។
ឆ្លៀតឱកាសនោះគណៈប្រតិភូខេត្ត ក៏បានអញ្ជើញចុះទៅត្រួតពិនិត្យទំនប់ស្ពានបង្ហៀរទឹក ដែលស្ថាបនា ឡើង ដោយកងវិស្វកម្មយោធភូមិភាគទី៤ ដើម្បីស្ទាក់ទឹកតំកល់ទុកក្នុងការផ្គត់ផ្គងទឹកដល់កងទ័ព និង គ្រួសារទ័ព រួមទាំងប្រជាពលរដ្ឋបានប្រើប្រាស់ទាំងរដូវប្រាំងនិងរដូវវស្សាស្ថិតនៅអូរទី៤ ដែលជាព្រំប្រទល់រដ្ឋបាលខេត្តសៀមរាបនិងឧត្តរមានជ័យ នៅក្នុងតំបន់ព្រៃស្អាកដែលបច្ចុប្បន្នស្ថាបនាបាន៩៨%ហើយ៕



































