​មណ្ឌល​សុខភាព រុន​តា​ឯក ដែលជា​អំណោយ​របស់​សប្បុរសជន​ស្វី​ស សម្ពោធ​ដាក់​ឲ្យ​បំរើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន​

0

​ខេត្ត​ ​សៀមរាប​៖ ប្រជា​សហគមន៍​មូលដ្ឋាន​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បានចាត់ទុក​ថា ការបើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​សុខភាព​រុន​តា​ឯក គឺជា​ប្រវត្តិសាស្ត្រ​នៃ​មូលដ្ឋាន​របស់ខ្លួន ដែល​ត្រូវបាន​កាត់បន្ថយ​ថែមទៀត អត្រា​មរណៈ​នៃ​មាតា​-​ទារក និង កុមារ ។​
មណ្ឌល​សុខភាព​រុន​តា​ឯក ដែល​ស្ថិតក្នុង​ដែន​រដ្ឋបាល​ជនបទ​នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ហើយក៏​ជា​មូលដ្ឋាន ស្ថិតក្នុង​តំបន់​ឧទ្យាន​អង្គរ គ្រប់គ្រង​ដែន​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ផង​នោះ បាន​បើកសម្ពោធ​ជា​ផ្លូវការ ដាក់​ឲ្យ​បំរើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​របស់​ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​មាន​វត្តមាន​ផងដែរ លោក សង់ រី​ហា អភិបាលរង​ខេត្ត និង លោក ម៉ី ម៉ារ​ឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា ។AA960801.Still002
​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​រាយការណ៍​ឲ្យ​ដឹងថា ៖ បើតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ផែនការ​គ្របដណ្តប់​របស់​ក្រសួងសុខាភិបាល គឺ​បណ្តា​ឃុំ​សង្កាត់​ទាំងអស់​ទូទាំង​ខេត្ត ត្រូវបាន​មណ្ឌល​សុខភាព​ចំនួន​១​យ៉ាងតិច ដោយ​ផ្អែកលើ​កំណើន​ប្រជាពលរដ្ឋ ។ លោក​បញ្ជាក់ថា ៖ មណ្ឌល​សុខភាព​រុន​តា​ឯក ដែលជា​អំណោយ​មនុស្សធម៌​របស់​លោក សាលា អង់​រី​កូ សប្បុរសជន​ស្វី​ស គឺជា​សមិទ្ធផល​ប្អូន​ពៅ​ទី​៦ របស់​ស្រុក​បន្ទាយស្រី គឺ​មានន័យថា ជាមួយនឹង​ការបើក​សម្ពោធ​មណ្ឌល​សុខភាព​មួយ​នេះ ស្រុក​បន្ទាយស្រី មាន​មណ្ឌល​សុខភាព ១០០% លើ​បណ្តា​ឃុំ​ទាំង​៦​របស់ខ្លួន និង​ជា​មណ្ឌល​សុខភាព​ទី​៩១ លើ​១០០​ឃុំ​-​សង្កាត់​ទូទាំង​ខេត្តសៀមរាប ។AA960801.Still003
លោក សាលា អង់​រី​កូ ដែលជា​ម្ចាស់​អំណោយ​បានបង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ៖ មណ្ឌល​សុខភាព​មួយ​នេះ ត្រូវបាន​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ៦៤ ៧០០​ដុល្លា​សហរដ្ឋអាមេរិក ក្នុងនេះ​រួមមាន​អាគារ​ពេទ្យ​ស្មើនឹង​១១​បន្ទប់ បំពាក់​ដោយ​សម្ភារៈ​បរិ​ក្ខា​ពេទ្យ និង​អាគារ​ស្នាក់នៅ​ប្រចាំការ​របស់​គ្រូពេទ្យ​ស្មើនឹង​២​បន្ទប់ ។ លោក​បាន​បន្តថា ៖ សម្រាប់​ការចូលរួម​ជួយ​ជម្រុញ​ការរីកចម្រើន​វិស័យ​សុខាភិបាល​ជនបទ ក្រោម​ការជួយ​គាំទ្រ​ដោយ​ជនរួមជាតិ​ស្វី​ស មណ្ឌល​សុខភាព​រុន​តា​ឯក គឺជា​មណ្ឌល​សុខភាព​ទី​១៤ ដែល​លោក​បាន​នាំមក​នូវ​ការកសាង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​បណ្តា​ទីជនបទ​នានា​ក្នុង​ខេត្តសៀមរាប រួមទាំង​អាគារ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជុំ ចំនួន​៨​អាគារ​ផងដែរ ។AA960801.Still006
លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ៖ គឺ​ពិតជា​អាច​វាយតម្លៃ​បាន​ថា លោក សាលា អង់​រី​កូ និង​បងប្អូន​ជនរួមជាតិ​ស្វី​ស បានបង្ហាញ​នូវ​ចំណងមិត្តភាព និង​ការស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា ។ ជាមួយ​ឱកាស​នោះ លោក រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានរួម​សហការ ជួយ​សម្របសម្រួល ធ្វើ​ឲ្យ​ការកសាង​មណ្ឌល​សុខភាព​មួយ​នេះ ដំណើការ​បានល្អ​ប្រសើរ និង​បាន​ឈាន​មកដល់​ថ្ងៃ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ គឺ​ការផ្តល់សេវា​សុខាភិបាល​សា​ធា​រៈ​នៅ​ជិត​ផ្ទះ​របស់​ពួកគាត់ ដែល​នេះ​គឺ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បាន​កើតឡើង​នៅ​ទីជនបទ ជួយ​កាត់បន្ថយ​បាន​អត្រា​មរណៈ​នៃ​មាតា​និង​ទារក ហើយក៏​ជា​កត្តា​មួយផ្នែក កាត់បន្ថយ​បាន​នូវ​ការ​ព្រួ​បារម្ភ​ដែល​ធ្លាប់មាន​ពីមុនមក ក្នុង​ការរត់​រក​សេវា​សុខាភិបាល​សង្គ្រោះបន្ទាន់ ផងដែរ ។ លោក បាន​បញ្ជាក់ថា ៖ សេវា​សុខាភិបាល​ដែល​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន វា​គឺជា​ហា​នី​ភ័យ​សម្រាប់​ការសង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ ។
ជាថ្មី​ម្តងទៀត លោក អេង ហួត បាន​សង្កត់ធ្ងន់ថា ៖ យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន គឺ​ពិតជា​ត្រូវបាន​លើកសរសើរ​ប្រគេន​និង​ជូន​ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ផងដែរ ដែល​បាន​រួមគ្នា រួមចំណែក​បរិច្ចាគ​ដី​ធ្លី ទ្រ​ព​ភាគ​ផ្ទាល់ខ្លួន ដើម្បី​ការបង្កើតឡើង​នូវ​មណ្ឌល​សុខភាព​ថ្មី​មួយ​នេះ ៕