ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៦នេះ លោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សាជាមួយប្រតិភូក្រុងតាលានខេត្តឡាវនីងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីលៀវ ហ្វាំងអនុប្រធានការិយាល័យកិច្ចការបរទេសនៃទីក្រុងតាលាននិង សហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកស្រីលៀវ ហ្វាំងពីគោលបំណងរបស់គណៈប្រតិភូទីក្រុងតាលានមកកាន់ ខេត្តដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរមិត្តភាពឲ្យកាន់តែស៊ីជម្រៅរវាងការិយាល័យកិច្ចការបរទេសក្រុងតាលាន ខេត្តឡាវនីងជាមួយខេត្តសៀមរាបក្នុងការផ្តួចផ្តើមធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ក្នុងការទំនាក់ទំនងខ្សែក្រវ៉ាត់មួយផ្លូវមួយ ទាក់ទងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
លោកស្រីក៏បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុងតាលានបានជួបធ្វើកិច្ចពិភាក្សាជាមួយអាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់កម្ពុជា ។ ម្យ៉ាងទៀតការទំនាក់ទំនងជាមួយក្រុងតាលាន និង ខេត្តសៀមរាប ក្នុងការជម្រុញដល់ប្រជាជនចិន ឲ្យចូលមកទេសចរនៅកម្ពុជា ដោយខេត្តសៀមរាប សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ។ ក្នុងនោះលោកស្រីលៀវ ហ្វាំងក៏បានលើកឡើងពីស្ថាន ភាព ភូមិសាស្ត្ររបស់ទីក្រុងតាលានដែលមានប្រជាជនជាង៧លាននាក់រស់នៅ ហើយវិស័យសេដ្ឋកិច្ចបានពឹងផ្អែកលើកំពង់ផែនិងទេសចរណ៍ ដែលជាតំបន់ទេសចរណ៍មួយដ៏សំខាន់របស់ប្រទេសចិន ។ក្រៅពីវិស័យឧស្សាហកម្មកំពង់ផែ និង ទេសចរណ៍ ក៏មានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មទៀតផង។លោកស្រីក៏មានសង្ឃឹមជឿជាក់ថា ដំណើរទស្សនៈកិច្ចនេះ នឹងធ្វើឲ្យកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុង តាលាន នឹងឈានទៅរកកិច្ចទំនាក់ទំនងល្អរវាងខេត្ត ក្រុងទាំងពីរផងដែរ។
មានប្រសាសន៍នោះក្នុងនាមលោកបណ្ឌិតឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត លោកលី សំរឹទ្ធក៏បានលើកឡើងផងដែរថារាល់ចំណុចខ្លឹមសារដែលគណៈប្រតិភូបានលើកឡើង គឺមានសារៈសំខាន់សម្រាប់ខេត្តសៀមរាបក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការនឹងគ្នា។ ឯកឧត្តមក៏បានបន្តទៀតថាកម្ពុជានិងចិនគឺមាន កិច្ចទំនាក់ទំនងតាមផ្លូវការទូតជាយូលុងមកហើយនៅក្នុងសតវត្សរ៍ទី១១ តាមរយៈលោកជីវតាវ៉ាន់ហើយការ ទំនាក់ទំនងការទូតនេះនៅឆ្នាំ១៩៥០ព្រះករុណាសម្តេច ព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ បានធ្វើការទំនាក់ទំនងល្អនឹងគ្នារហូតដល់ពេលបច្ចុប្បន្ននេះក្រោមកិច្ចដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងនោះដែរឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូផងដែរ អំពីស្ថាន ភាពនយោបាយសេដ្ឋកិច្ចសន្តិសុខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប គឺបានពឹងផ្អែកលើវិស័យសេដ្ឋកិច្ចកសិកម្មនិងទេសចរណ៍។ដោយខេត្តប្រវត្តិសាស្ត្រមួយនេះ មានសក្តានុពលសំខាន់វិស័យទេសចរដែលជាចំបង ហើយបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង។លោកលី សំរឹទ្ធក៏មានមានសង្ឃឹមជឿជាក់ផងដែរថាក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះ បានធ្វើឲ្យកំណើននៃភ្ញៀវទេសចរណ៍ចិន ចូលមកទស្សនាកម្សាន្តនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប អង្គរ មានការកើនឡើង។លោកក៏បានសំណូមពរដល់ប្រតិភូ ក្រោយពេលធ្វើនិវត្តន៍ទៅដល់ក្រុងតាលានសូមធ្វើការផ្សព្វផ្សាយដល់ប្រជាជនចិន ឲ្យចូល មកទេសចរណ៍ និង វិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប។ ក្នុងរយៈពេលកន្លងមកនេះ ខេត្តសៀមរាបក៏បានធ្វើកិច្ចទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុងនៃសាធារណរដ្ឋប្រជាមានិតចិន បានចំនួន១៣មកហើយ ក្នុងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរអំពីវិស័យវប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម អប់រំ និងសុខាភិបាលទៀតផង។ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុងតាលាន ជាមួយខេត្តសៀមរាបនោះខេត្តត្រៀមខ្លួនជានិច្ចក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នា ក្នុងការជម្រុញឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជាចិនមានភាពរឹងមាំជាអមតៈទៀតផង៕ ដោយគឿនវេត



































