ភ្នំពេញ៖បុរសពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ ស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខការ៉ាស់សាំងតូតាល តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពុង២ ខណ្ឌចំការមន។
បើតាមសម្ដីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺឃើញបុរសម្នាក់ជិះម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ កណ្ដាល 1E.2019 បានជិះចេញពីការ៉ាស់សាំងតូតាល ដែលនៅក្បែរកន្លែងកើតហេតុ ហើយបំនងឆ្លងផ្លូវទៅត្បួង ខណះជិះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសពីរនាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូបង្កម៉ាកវ៉េវ ពណ៌ប្រផេះឆ្នួតខៀវ ពាក់ស្លាកលេខ យ 6533 ភព1 ជិះឌុបគ្នាក្នុងល្បឿនលឿនដោយមិនប្រយ័ត្នបានជ្រុលមកបុកម៉ូតូគុបជ្រុងចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូបង្កម៉ាកវ៉េវ រងរបួសធ្ងន់ទាំងពីរនាក់ ចំណែកឯភាគីខាងម៉ូតូគុបជ្រុងដែលជិះម្នាក់ឯងនោះរងរបួសស្រាល។
ក្រោយពេលកើតហេតុបុរសពីរនាក់ដែលរងរបួសធ្ងន់នោះត្រូវបានរថយន្តសាមុយដឹកកទៅសង្គ្រោះភ្លាមៗ ដោយឡែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង ហើយត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ជីម ភារ៉ា



































