ខេត្តសៀមរាប៖ ប្រជាសហគមន៍មូលដ្ឋានឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានចាត់ទុកថា ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពរុនតាឯក គឺជាប្រវត្តិសាស្ត្រនៃមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានកាត់បន្ថយថែមទៀត អត្រាមរណៈនៃមាតា-ទារក និង កុមារ ។
មណ្ឌលសុខភាពរុនតាឯក ដែលស្ថិតក្នុងដែនរដ្ឋបាលជនបទនៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយក៏ជាមូលដ្ឋាន ស្ថិតក្នុងតំបន់ឧទ្យានអង្គរ គ្រប់គ្រងដែនអភិរក្សបេតិកភ័ណ្ឌវប្បធម៌ដោយអាជ្ញាធរជាតិអប្សរាផងនោះ បានបើកសម្ពោធជាផ្លូវការ ដាក់ឲ្យបំរើសេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ ក្រោមវត្តមានរបស់ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានផងដែរ លោក សង់ រីហា អភិបាលរងខេត្ត និង លោក ម៉ី ម៉ារឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានរាយការណ៍ឲ្យដឹងថា ៖ បើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផែនការគ្របដណ្តប់របស់ក្រសួងសុខាភិបាល គឺបណ្តាឃុំសង្កាត់ទាំងអស់ទូទាំងខេត្ត ត្រូវបានមណ្ឌលសុខភាពចំនួន១យ៉ាងតិច ដោយផ្អែកលើកំណើនប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា ៖ មណ្ឌលសុខភាពរុនតាឯក ដែលជាអំណោយមនុស្សធម៌របស់លោក សាលា អង់រីកូ សប្បុរសជនស្វីស គឺជាសមិទ្ធផលប្អូនពៅទី៦ របស់ស្រុកបន្ទាយស្រី គឺមានន័យថា ជាមួយនឹងការបើកសម្ពោធមណ្ឌលសុខភាពមួយនេះ ស្រុកបន្ទាយស្រី មានមណ្ឌលសុខភាព ១០០% លើបណ្តាឃុំទាំង៦របស់ខ្លួន និងជាមណ្ឌលសុខភាពទី៩១ លើ១០០ឃុំ-សង្កាត់ទូទាំងខេត្តសៀមរាប ។
លោក សាលា អង់រីកូ ដែលជាម្ចាស់អំណោយបានបង្ហាញឲ្យដឹងដែរថា ៖ មណ្ឌលសុខភាពមួយនេះ ត្រូវបានចំណាយថវិកាសាងសង់អស់ចំនួន ៦៤ ៧០០ដុល្លាសហរដ្ឋអាមេរិក ក្នុងនេះរួមមានអាគារពេទ្យស្មើនឹង១១បន្ទប់ បំពាក់ដោយសម្ភារៈបរិក្ខាពេទ្យ និងអាគារស្នាក់នៅប្រចាំការរបស់គ្រូពេទ្យស្មើនឹង២បន្ទប់ ។ លោកបានបន្តថា ៖ សម្រាប់ការចូលរួមជួយជម្រុញការរីកចម្រើនវិស័យសុខាភិបាលជនបទ ក្រោមការជួយគាំទ្រដោយជនរួមជាតិស្វីស មណ្ឌលសុខភាពរុនតាឯក គឺជាមណ្ឌលសុខភាពទី១៤ ដែលលោកបាននាំមកនូវការកសាងជូនប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តាទីជនបទនានាក្នុងខេត្តសៀមរាប រួមទាំងអាគារមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ចំនួន៨អាគារផងដែរ ។
លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ៖ គឺពិតជាអាចវាយតម្លៃបានថា លោក សាលា អង់រីកូ និងបងប្អូនជនរួមជាតិស្វីស បានបង្ហាញនូវចំណងមិត្តភាព និងការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយឱកាសនោះ លោករដ្ឋលេខាធិកាក្រសួងសុខាភិបាល ចំពោះអាជ្ញាធរជាតិអប្សរាដែលបានរួមសហការ ជួយសម្របសម្រួល ធ្វើឲ្យការកសាងមណ្ឌលសុខភាពមួយនេះ ដំណើការបានល្អប្រសើរ និងបានឈានមកដល់ថ្ងៃដែលបងប្អូនប្រជាពលរដ្ឋរង់ចាំ គឺការផ្តល់សេវាសុខាភិបាលសាធារៈនៅជិតផ្ទះរបស់ពួកគាត់ ដែលនេះគឺសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងនៅទីជនបទ ជួយកាត់បន្ថយបានអត្រាមរណៈនៃមាតានិងទារក ហើយក៏ជាកត្តាមួយផ្នែក កាត់បន្ថយបាននូវការព្រួបារម្ភដែលធ្លាប់មានពីមុនមក ក្នុងការរត់រកសេវាសុខាភិបាលសង្គ្រោះបន្ទាន់ ផងដែរ ។ លោក បានបញ្ជាក់ថា ៖ សេវាសុខាភិបាលដែលនៅឆ្ងាយពីមូលដ្ឋាន វាគឺជាហានីភ័យសម្រាប់ការសង្គ្រោះជីវិតអ្នកជម្ងឺ ។
ជាថ្មីម្តងទៀត លោក អេង ហួត បានសង្កត់ធ្ងន់ថា ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន គឺពិតជាត្រូវបានលើកសរសើរប្រគេននិងជូនចំពោះព្រះសង្ឃ អាជ្ញាធរដែនដី រួមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះផងដែរ ដែលបានរួមគ្នា រួមចំណែកបរិច្ចាគដីធ្លី ទ្រពភាគផ្ទាល់ខ្លួន ដើម្បីការបង្កើតឡើងនូវមណ្ឌលសុខភាពថ្មីមួយនេះ ៕ ដោយគឿនវេត



































