​ម្ហូប​-​ចំណីអាហារ គឺជា​កត្តា​សំខាន់ ដែលមាន​ឥទ្ធិពល​ផ្ទាល់​សម្រាប់​សុខភាព​

0

​ខេត្តសៀមរាប​៖ មន្ត្រី​សាខា​កាំ​កុល​ត្រូល​ខេត្តសៀមរាប​និយាយថា ៖ នៅក្នុង​សង្គមជាតិ​យើង​បច្ចុប្បន្ននេះ បញ្ហា​ម្ហូប​-​ចំណីអាហារ​គ្រប់​ប្រភេទ វា​មិន​ត្រឹមតែ​ស្ថិតនៅក្នុង​សមរភូមិ​ប្រកួតប្រជែង​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​សមរភូមិ​ប្រឈម​សុខភាព​ផងដែរ ដោយសារតែ​ប្រភព​ផលិត​និង​ប្រភព​ចែកចាយ​មួយចំនួន​មិន​ស្របច្បាប់ ប្រព្រឹត្តិ​អំពើ​ក្លែងបន្លំ ។​
លោក ជុំ ឌី វ៉ឺ រី​ស អនុប្រធាន​សាខា​កាំ​កុល​ត្រូល​ខេត្តសៀមរាប បាន​និយាយ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៦​នេះ ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ​វេច​ខ្ចប់​រួច នៅលើ​បណ្តា​តូប​លក់ទំនិញ​ចាប់ហួយ​នានា​ក្នុង​ផ្សារលើ​ធំថ្មី​(​ក្រុង​សៀមរាប​) ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ ជាមួយនឹង​ការព្យាយាម​របស់​កាំ​កុល​ត្រូល ក្នុង​ភារកិច្ច​ត្រួតពិនិត្យ​ឆែកឆេរ និង​អប់រំ​ដល់​បណ្តា​អាជីវករ ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខភាព​របស់​អតិថិជន​របស់ខ្លួន​។AA990901.Still002
លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ វា​មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ការលក់ដូរ​ទំនិញ​ចំណីអាហារ​គ្រប់​ប្រភេទ មិន​ត្រឹមតែ​ជា​សមរភូមិ​ប្រកួតប្រជែង​ទីផ្សារ​នោះទេ ក៏ប៉ុន្តែ​វា​ជា​សមរភូមិ​ប្រឈម​សុខភាព​ផងដែរ ដោយមាន​ប្រភព​ផលិត​មួយចំនួន មិនមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ តែងតែបាន​ផលិត​ក្លែងបន្លំ​ផលិតផល​ម្ហូបអាហារ ជ្រៀតចូល​ដាក់លក់​លើ​ទីផ្សារ ។
ក្នុងឱកាស​នៃ​ការចុះ​ត្រួតពិនិត្យ​លើក​នេះ ក្រុមការងារ​បាន​ផ្តោតជាសំខាន់​ទៅលើ​ការអប់រំ​ពន្យល់ ដល់​បណ្តា​អាជីវករ​ឲ្យ​ព្រម​ទទួល​យល់​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព លើ​ជំនាញ​ពិនិត្យ​ជ្រើសរើស​ទំនិញ​ចំណីអាហារ​វេច​ខ្ចប់​រួច ដើម្បី​ដាក់​លក់រាយ​ជូន​អតិថិជន​របស់ខ្លួន ។ មន្ត្រី​ជំនាញ​និយាយថា ៖ រាល់​បញ្ហា​ប៉ះពាល់​សុខភាព​ដែល​កើតមានឡើង គឺ​អ្នកលក់​ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់​ចំពោះមុខ​ច្បាប់ បើសិន​ជាមាន​ពាក្យបណ្តឹង​ចេញពី​អតិថិជន ដែលជា​ជនរងគ្រោះ​នោះ ។​AA990901.Still004
បើទោះជា​មានការ​ត្រូតពិនិត្យ​ជា​ញឹកញាប់ ពី​សំណាក់​ក្រុមការងារ​សាខា​កាំ​កុ​ត្រូល​ខេត្តសៀមរាប នៅលើ​ទីផ្សារ​នានា​ក្នុង​ក្រុង​ឬ​បណ្តា​ទីប្រជុំជន​នានា​ក្នុង​ខេត្តសៀមរាប គេ​មិនដែល​ប្រទះឃើញ​ក្រុមការងារ​នេះ ពិន័យ​ឬក៏​ដកហូតយក​ទំនិញ​ដែល​រកឃើញថា​ខូចគុណភាព​នោះឡើយ ដែល​ភាគច្រើន​នោះ គឺ​ក្រុមការងារ​នេះ​គ្រាន់តែ​អប់រំ ហើយ​បញ្ជា​ឲ្យ​ម្ចាស់​អ្នកលក់ ដក​ទំនិញ​ខូចគុណភាព​ទាំងនោះ​ចេញ បញ្ឈប់​អំពើ​ក្លែងបន្លំ​តទៅទៀត តែប៉ុណ្ណោះ ។ លោក​ប្រធាន​ក្រុមការងារ​នេះ បាន​បញ្ជាក់ដែរថា ៖ គោលដៅ​សំខាន់​របស់​កាំកុងត្រូល លើ​ការងារ​សម្អាត​ទំនិញ​ខូចគុណភាព​លើ​ទីផ្សារ គឺ​ការយល់ដឹង និង ការចូល​រួមទាំង​អ្នកលក់ និង​អ្នកទិញ ។ អ្នកលក់​ត្រូវមាន​ភាពស្មោះត្រង់ និង​អ្នកទិញ​ត្រូវ​ចេះ​ស្រឡាញ់​សុខភាព​ខ្លួនឯង គឺ​ត្រូវ​ចេះ​ពិនិត្យ​ជ្រើសរើស​ចំណីអាហារ ដែលមាន​សុវត្ថិភាព ៕AA990901.Still001