ខេត្តព្រះវិហារ ប្រជាពលរដ្ឋប្រមាណ២០០គ្រួសាររស់នៅភូមិបុស្សធំឃុំប្រមេរស្រុកត្បែងមានជ័យស្ថិតនៅជុំវិញទីតាំងរដ្ឋបាលសាលាស្រុកកំពុងជួបការឧបសគ្គខ្លាំងដោយសារពួកគាត់មិនមានទឹកប្រើប្រាស់ក្នុងរដូវប្រាំងនិងកំពុងខ្វះខាតថវិកាសំរាប់ចំណាយទិញទឹកប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថាសព្វថ្ងៃក្នុងភូមិបុស្សធំដែលស្ថិតនៅពីក្រោយសាលាស្រុកត្បែងមានជ័យមានស្រះទឹក១កន្លែងទំហំ៥០ម៉ែត្រគុណ២០ម៉ែត្រមានជម្រៅទឹក១ម៉ែត្រដែរប៉ុន្តែទឹកល្អក់រាល់ឆ្នាំហើយនៅខែប្រាំងរីងទឹកស្ទើរអស់។រដូវប្រាំងឆ្នាំនេះក្តៅស្ងួតជាងឆ្នាំទៅហើយការប្រើប្រាស់ទឹកមានតម្រូវការខ្ពស់ថែមទៀត។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាពលរដ្ឋរស់នៅភូមិបុស្សធំក៍ដូចជាភូមិមួយចំនួនទៀតក្នុងឃុំប្រមេរកំពុងមានបញ្ហាប្រឈមគ្មានប្រភពទឹកស្អាតធម្មជាតិប្រើប្រាស់ក្នុងជីវភាពរស់នៅ។សព្វថ្ងៃពលរដ្ឋត្រូវទិញទឹកស៊ីទែនពីឈ្មួញដឹកតាមគោយន្តកែច្នៃមកប្រើប្រាស់ក្នុងតម្លៃ១០០០០រៀលក្នុង១ម៉ែត្រគូបហើយរដូវប្រាំងឆ្នាំនេះក្តៅខ្លាំងក្នុង១ថ្ងៃអាចប្រើ២ម៉ែត្រគូបទឹកទើបគ្រប់តម្រូវការ។
ប្រជាពលរដ្ឋក្រីក្ររស់នៅតំបន់គ្មានប្រភពទឹកខាងលើនិយាយត្អូញត្អែរថាសំរាប់ការចំណាយទិញទឹកប្រើប្រាស់អាចចំណាយខ្ពស់នៅឆ្នាំ២០១៦នេះក្នុងរង្វង់ពី២លានទៅ៣លានរៀលក្នុងរដូវប្រាំងហើយបើក្នុងរដូវវស្សារាំងភ្លៀងយូរទៀតអាចចំណាយខ្ពស់ចាប់ពី៣លានដល់៤លានរៀលថែមទៀត។កត្តាអវិជ្ជមានទាំងនេះធ្វើអោយកាន់តែខ្វះខាតខ្លាំងប៉ះពាល់ដល់ជីវភាពរស់នៅទៅលើការចំណាយហូបចុកកូនៗរៀនសូត្ររបស់ពួកគាត់ថែមទៀត។
នរណាក៍ដឹងដែរថាក្តីកង្វល់និងទុក្ខព្រួយរបស់ប្រជាពលរដ្ឋខាងលើដែលគ្មានប្រភពទឹកប្រើប្រាស់និងខ្វះខាតថវិកាទិញទឹកប្រចាំថ្ងៃហាក់ដូចមិនមែនជាក្តីកង្វល់របស់អាជ្ញាធរខេត្តនិងមន្ទីរអភិវឌ្ឍន៍ជនបទដែលមានលោកសេងសារីជាប្រធានមន្ទីរមានវ័យចាស់ជរាជាងគេនោះទេ។ប្រៀបធៀបខេត្តព្រះវិហារសព្វថ្ងៃយើងទាំងអស់គ្នាមើលឃើញថាវាកំពុងតែរីកស្គុះស្គាយសំបូរទៅដោយផ្ទះវីទ្បាសណ្ឋាគារផ្ទះល្វែងប្រណីតៗរថយន្តស៊េរីថ្មីទំនើបៗស្ថាននីយ៍ប្រេងឥន្ធនះធំសុទ្ធតែជាកម្មសិទ្ធរបស់អ្នកធំក្នុងខេត្តព្រះវិហារទាំងអស់ចាប់ពីប្រធានការិយាល័យខ្លាញ់ៗនិងបណ្តាប្រធានមន្ទីររហូតដល់ថ្នាក់ដឹកនាំខេត្ត។
លោកអ៊ុងវុទ្ធីអភិបាលស្រុកត្បែងមានជ័យបានទទួលស្គាល់ថាស្រះទឹកមួយកន្លែងនៅភូមិបុស្សធំខាងក្រោយរដ្ឋបាលសាលាស្រុកពិតជាមានទឹករីងនិងជម្រៅរាក់ប្រាកដមែន។ស្រះទឹកនោះមិនអាចធ្វើការស្តារបានទេបើស្តារដីអោយជ្រៅវានឹងគ្មានទឹក។លោកនិយាយថាសូម្បីសាលាស្រុកក៍គ្មានទឹកប្រើប្រាស់ដូចគ្នាដែរប៉ុន្តែបានចំណាយជីកស្រះទឹកធំមួយរួចរាល់ហើយក្នុងបរិវេណសាលាស្រុកសំរាប់អោយប្រជាពលរដ្ឋបានដងទឹកប្រើប្រាស់ទាំងអស់គ្នា៕
មង្គល



































